
គ្រួសារមួយនៅរដ្ឋ Mississippi កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែឧសភា) បានទាមទារឲ្យបណ្តេញមន្ត្រីនគរបាលចេញពីការងារនិងត្រូវចោទប្រកាន់ពីបទប្រើហិង្សា ដោយចេតនា ចំពោះការបាញ់ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ នៅពេលដែលនគរបាលបានឆ្លើយតប ចំពោះការហៅទូរស័ព្ទរំខានរបស់កុមារនោះឲ្យទៅកាន់ផ្ទះរបស់គេ។
មេធាវីរបស់គ្រួសារជនរងគ្រោះ លោក Carlos Moore បាននិយាយថា ក្មេងប្រុស Aderrien Murry ដែលបានទូរស័ព្ទទៅនគរបាលតាមការប្រាប់របស់ម្តាយខ្លួន គឺពុំមានកាន់អាវុធទេ និងធ្វើតាមការណែនាំរបស់មន្ត្រីក្រុង Indianola លោក Greg Capers នៅពេលនោះ លោក Capers បានបាញ់កុមារនោះចំដើមទ្រូង កាលពីព្រឹកថ្ងៃសៅរ៍ (ទី២០ ខែឧសភា)។
លោក Moore បានបន្ថែមថា ក្មេងប្រុសនេះ បានទូរស័ព្ទទៅនគរបាលពីផ្ទះ បន្ទាប់ពីម្តាយរបស់គេឈ្មោះលោកស្រី Nakala Murry ត្រូវបានបុរសម្នាក់គំរាមកំហែង នៅវេលាម៉ោង ៤ព្រឹក (ម៉ោងក្នុងតំបន់) ប៉ុន្តែលោក Capers បានធ្វើឲ្យស្ថានភាពនោះកាន់តែរាលដាលឡើង ។ យោងតាមសារព័ត៌មាន ABC News ដោយដកស្រង់សម្តីលោកស្រី Murry បានឲ្យដឹងថា បុរសនោះគឺជាឪពុករបស់ក្មេងប្រុសរងគ្រោះ។
លោក Moore បាននិយាយថា៖ «យើងកំពុងទាមទារយុត្តិធម៌។ ក្មេងប្រុសស្បែកខ្មៅអាយុ ១១ឆ្នាំម្នាក់ នៅក្នុងទីក្រុង Indianola នឹងបាត់បង់ជីវិត បើគេខិតចូលទៅបន្តិចទៀត។ គាត់មិនបានធ្វើអ្វីខុសទេ ហើយគ្រប់យ៉ាង គឺត្រឹមត្រូវ»។
យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ក្មេងប្រុស Murry ត្រូវបានបញ្ជូនទៅកាន់មណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Mississippi ដើម្បីព្យាបាល ហើយត្រូវបានអនុញ្ញាតឲ្យចេញ កាលពីថ្ងៃពុធ (ទី២៤ ខែឧសភា)។
នាយកដ្ឋាននគរបាល មិនអាចទាក់ទងសុំការអធិប្បាយបានទេ តែសារព័ត៌មាន CNN បានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតរដ្ឋ Mississippi កំពុងស៊ើបអង្កេតលើបញ្ហានេះ៕