
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឱ្យក្រុមការងារពាក់ព័ន្ធរៀបចំឆ្លាក់ទុកនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមាន ឈ្នះ ឈ្នះ ដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងរៀបចំឆ្លាក់នោះដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់កីឡាករកីឡាការិនី អាស៊ានប៉ារ៉ាហ្គេម មុនពេលចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះ នានៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបានបន្សល់ទុកនូវរឿងរ៉ាវល្អច្រើនណាស់ជាប្រវត្តិសាស្ដ្រដែលត្រូវកត់ត្រាទុក ឬឆ្លាក់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្វែងយល់ពីអ្វីដែលខ្មែរធ្វើបាននាជំនាន់នេះ។
សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅកម្ពុជា ត្រូវបានសម្ដេចតេជោផ្ដល់អនុសាសន៍ឱ្យឆ្លាក់លើផ្ទាំងសិលានៅវិមានឈ្នះ-ឈ្នះ ទុកជាតឹកតាង និងអំណះអំណាងប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ ជាមួយគ្នានេះ នៅថ្ងៃនេះសម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ឱ្យឆ្លាក់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាកំពុងត្រៀមរៀបចំនេះនៅវិមាន ឈ្នះ ឈ្នះផងដែរ។
ការឆ្លាក់នេះ ក្រៅតែពីការឆ្លាក់នូវអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អត្តពលិកឆ្នើមៗរបស់កម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ហើយទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា ក៏នឹងត្រូវឆ្លាក់ទុកលើផ្ទាំងសិលានៅវិមានឈ្នះ-ឈ្នះផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា