ហូឡង់ ៖ នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បាននិយាយកាលពីថ្ងៃសុក្រទី២៦ ខែឧសភាថា ប្រទេសហូឡង់កំពុងពិចារណាយ៉ាងហ្មត់ចត់ ក្នុងការបញ្ជូនយន្តហោះប្រយុទ្ធF-16 ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែពុំទាន់បានធ្វើការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយ។ កាលពីដើមសប្តាហ៍នេះ ប្រទេសហូឡង់ បាននិយាយថា ខ្លួនមានបំណងចាប់ផ្តើមការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនក្នុងការប្រើប្រាស់យន្តហោះ F-16 ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
នៅពេលត្រូវបានសួរថាតើប្រទេសហូឡង់នឹងបញ្ជូនយន្តហោះប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែនឬទេ លោក Rutte បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា ពុំមានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងនៅឡើយ ប៉ុន្តែលោកបាននិយាយថាប្រសិនបើអ្នកចាប់ផ្តើមបណ្តុះបណ្តាល វាប្រាកដណាស់ថា រឿងអ្វីៗអ្នកកំពុងតែពិចារណាយ៉ាងហ្មត់ចត់។ លោក Rutte និយាយថា ការសម្រេចចិត្តណាមួយក្នុងការបញ្ជូនយន្តហោះ F-16 វាអាស្រ័យលើការយល់ព្រមពីសហរដ្ឋអាមេរិកដើម្បីធ្វើដូច្នេះ។ យោងតាមតួលេខពីក្រសួងការពារជាតិហូឡង់បានឲ្យដឹងថា ប្រទេសហូឡង់បច្ចុប្បន្នមានយន្តហោះF-16 ដែលធ្វើប្រតិបត្តិការចំនួន២៤គ្រឿង ដែលនឹងបញ្ចេញជាដំណាក់កាលនៅពាក់កណ្តាលឆ្នាំ២០២៤ ហើយយន្តហោះ១៨គ្រឿងផ្សេងទៀតបច្ចុប្បន្នកំពុងដាក់លក់ ដែលក្នុងចំណោមនេះ ១២គ្រឿងត្រូវបានលក់ជាបណ្តោះអាសន្ន។ កាលពីថ្ងៃសុក្រទី១៩ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានគាំទ្រកម្មវិធីបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែនឲ្យចេះប្រើប្រាស់យន្តហោះ F-16 ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធានាដល់លោកBiden ថា យន្តហោះនឹងមិនត្រូវបានប្រើប្រាស់ដើម្បីឆ្លងចូលទៅក្នុងទឹកដីរុស្ស៊ីឡើយ។ ប្រទេសលោកខាងលិចនិយាយថា ខ្លួនមានបំណងជួយអ៊ុយក្រែនវាយឲ្ររុស្ស៊ីបរាជ័យ ប៉ុន្តែបានទទូចដដែលៗថាខ្លួនមិនចង់បង្កការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសម្ព័ន្ធមិត្តយោធាណាតូគាំទ្រដោយសហរដ្ឋអាមេរិក ជាមួយរុស្សីនោះទេ។

