បាល់ទាត់៖ ក្រុម West Bromwich Albion ត្រូវបានកាត់ចេញពីក្របខណ្ឌកំពូល English Premier League ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្រក្លិបក្រោយបរាជ័យនៅ ៣-១ នៅទឹកដីកាំភ្លើងធំ Arsenal យប់មិញ។

មុនប្រកួតនេះក្រុមរបស់លោក Sam Allardyce បានដឹងទៅហើយថា ក្តីសង្ឃឹមតិចណាស់ដែល WBA អាចបន្តនៅ Premier League មួយរដូវកាលទៀត ហើយបន្ទាប់ពីបរាជ័យនេះក៏បានបញ្ជាក់ច្បាស់ថា WBA ត្រូវបានកាត់ចេញដោយមាន ១០ពិន្ទុពីតំបន់សុវត្តិភាពខណៈនៅសល់តែ ៣ប្រកួតទៀតចប់រដូវកាល។ Emile Smith Rowe ស៊ុតបើកការនាំមុខឲ្យ Arsenal មុននៅនាទីទី២៩ មុនពេលដែល Nikolas Pepe បន្ថែម ១គ្រាប់ទៀតនៅនាទីទី៣៥។
ចូលវគ្គទី២ West Brom ក៏តបបាន ១គ្រាប់វិញដោយ Costa Pereira នាទីទី៦៧ តែ Willian ជាអ្នកធានា ៣ពិន្ទុឲ្យ Arsenal នៅនាទីទី៩០។ ជ័យជំនះនេះក៏បានផ្តល់ក្តីសង្ឃឹមតិចតួចស្តួចស្តើងសំរាប់ Arsenal ក្នុងការស្វែងរកកៅអីនៅ Europa League ផងដែរដោយកំពុងឈរលេខ៩ មាន ៥២ពិន្ទុដេញពីក្រោយក្រុមលេខ៥ West Ham ៦ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ