អាមេរិក ៖ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងទីក្រុង Zvecan ដើម្បីបំបែកក្រុមមនុស្ស ដែលកំពុងព្យាយាមរារាំងលោកអភិបាលក្រុងទើបជាប់ឆ្នោតថ្មី កុំឲ្យចូលទៅកាន់ការិយាល័យរបស់លោក បន្ទាប់ពីការបោះឆ្នោត កាលពីខែមេសា ត្រូវបានធ្វើពហិការដោយប្រជាជនកូសូវ៉ូកាត់ស៊ែរប៊ីភាគច្រើន នៅទីក្រុងភាគខាងជើងចំនួនបួន ជិតព្រំដែនជាមួយប្រទេសស៊ែរប៊ី។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់រដ្ឋាភិបាលកូសូវ៉ូ ពីការចូលប្រើប្រាស់អគារក្រុងដោយប្រើកម្លាំង ហើយបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោក Albin Kurti ផ្លាស់ប្តូរដំណើរការនេះ។
ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលអំពាវនាវឲ្យអាជ្ញាធរកូសូវ៉ូ ដកខ្លួនថយ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នេះ។ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រដ៏សំខាន់របស់កូសូវ៉ូទាំងផ្នែកនយោបាយ យោធា និងហិរញ្ញវត្ថុ ចាប់តាំងពីប្រទេសនេះ បានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ី ក្នុងឆ្នាំ២០០៨។
ជនជាតិស៊ែរប៊ី នៅតំបន់ភាគខាងជើងរបស់កូសូវ៉ូ មិនទទួលយកការប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ី ឆ្នាំ២០០៨ ដែលមានរយៈពេលជិតមួយទសវត្សរ៍ បន្ទាប់ពីការបញ្ចប់សង្រ្គាមនៅទីនោះ ហើយនៅតែយល់ថា ទីក្រុងបែលក្រាដជារដ្ឋធានីរបស់ពួកគេ។
ប្រជាជនស៊ែរប៊ីប្រហែល ៥០.០០០នាក់ ដែលរស់នៅក្នុងក្រុងភាគខាងជើងចំនួន៤ របស់ប្រទេសកូសូវ៉ូ ក្នុងនោះរួមទាំងក្រុង Zvecan បានបដិសេធការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែមេសា ក្នុងការតវ៉ា ដែលការទាមទាររបស់ពួកគេ ដើម្បីទទួលបានស្វ័យភាពបន្ថែមទៀត មិនត្រូវបានបំពេញ។
ក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ ដែលមកជួបជុំគ្នា នៅទីក្រុងបែលក្រាដ ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បានប្រកាសពីសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេស ដើម្បីពិភាក្សាអំពីស្ថានភាពនេះ៕

