ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រសាសន៍ថា ម្លប់ នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសជាតិមានការរីកចម្រើន ជាមួយនឹងសមិទ្ធផលទាំងវិស័យអាណាចក្រ និងពុទ្ធចក្រកើតឡើងជាបន្តបន្ទាប់ នៅគ្រប់មូលដ្ឋាន។

ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិជាចកើត ស្ថិតនៅភូមិជាចកើត ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋសរុបជាង ៤០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ នៅឃុំចុងជាច ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងព្រឹកនេះមានការសម្ពោធឆ្លងសាលាបុណ្យមួយបន្ថែមទៀត ដែលបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអគ្គមគ្គុទេសដ៏ឆ្នើម។
ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្តម ក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្រោចស្រង់កម្ពុជារួចផុតពីប្រទេសមានសង្រ្គាមរហូតដល់ទទួលបានសន្តិភាពពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីត១៩។ លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។
ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាបានទទួលមេដាយរហូតដល់ ២៨២មេដាយ ហើយការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជាបានធ្វើឱ្យពិភពលោកមានការកោតស្ញប់ស្ញែង និងស្គាល់ពីកម្ពុជាកាន់តែច្បាស់។
តាមរយៈសមិទ្ធផល និងគោលនយោបាយដឹកនាំដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅស្រុកតំបែរទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ និងបងប្អូនប្រជាពលរដ្ឋនៅស្រុកតំបែរដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកា ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងស្រុកតំបែរ កាន់តែមានភាពសម្បូរសប្បាយ៕













