រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីបណ្តាប្រទេសនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ APEC បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរួមគ្នា និងនិរន្តរភាពបន្ថែមទៀត ប៉ុន្តែពុំបានចេញសេចក្តីថ្លែងការណ៍រួម ដោយសារតែការជំទាស់របស់ប្រទេសរុស្ស៊ី និងចិន ចំពោះការប្រើប្រាស់ភាសាលើប្រទេសអ៊ុយក្រែន។
ដោយបិទបញ្ចប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុង Detroit ម្ចាស់ផ្ទះកិច្ចប្រជុំ APEC តំណាងក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានចេញជំនួសដោយសេចក្តីថ្លែងការណ៍របស់ប្រធានតំណាងកិច្ចប្រជុំ ដោយសង្ខេបខ្លឹមសារពីការពិភាក្សានានា ដោយសង្កត់ធ្ងន់លើពាណិជ្ជកម្មរួម ការប្រយុទ្ធប្រឆាំងនឹងបម្រែបបម្រួលអាកាសធាតុ និងនិរន្តរភាព។
សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ឲ្យមាននូវបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគ សេរី បើកចំហ យុត្តិធម៌ គ្មានការរើសអើង តម្លាភាព រួមគ្នា និងអាចវាស់វែងលទ្ធផលបាន»។
មេដឹកនាំ APEC កាលពីខែវិច្ឆិកាឆ្នាំមុន នៅទីក្រុងបាងកក បានយល់ស្របគ្នាលើភាសា ដែលលើកឡើងថា «សមាជិកភាគច្រើន» បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះសង្រ្គាមនៅអ៊ុយក្រែន និងការបង្កឲ្យមនុស្សជាតិរងទុក្ខវេទនា និងផលប៉ះពាល់លើសេដ្ឋកិច្ច។
ប៉ុន្តែក្នុងកិច្ចប្រជុំ នាទីក្រុង Detroit ចិន និងរុស្ស៊ី បានជំទាស់នឹងការរួមបញ្ចូលភាសានេះ ដោយតម្រូវឲ្យលោកស្រី Tai ចេញសេចក្តីថ្លែងការណ៍របស់ប្រធានតំណាងកិច្ចប្រជុំ ដែលបានកត់សម្គាល់ឲ្យឃើញថា មានទស្សនៈផ្ទុយគ្នា និងថា «APEC មិនមែនជាវេទិកា ដើម្បីដោះស្រាយបញ្ហាសន្តិសុខនោះទេ«។
លោកស្រី Tai បានប្រាប់សន្និសីទសារព័ត៌មានថា លោកស្រីសង្ឃឹមថា មេដឹកនាំ APEC ក្នុងកិច្ចប្រជុំកំពូលខែវិច្ឆិកា នៅទីក្រុង San Francisco នឹងអាចបង្កើតសេចក្តីថ្លែងការណ៍រួមមួយបាន៕

