ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី ការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែប្រសើរឡើងថែមទៀត។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស កាលពីរសៀលថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមាន កសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។
បន្ទាប់ពីពិធីចុះហត្ថលេខានេះ សហប្រធានទាំងពីរ បានប្រកាសបើកជាផ្លូវការវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នា រវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទីមួយ ដែលវេទិកានេះមានរបៀបវារៈសំខាន់ៗដូចជា បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ, កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។ បន្ថែមពីនេះ វេទិកានេះក៏មានរៀបចំកិច្ចជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើង រវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកអំពីបច្ចុបុ្បន្នភាពនៃការអនុវត្តគោលនយោបាយថ្មីៗ និងស្វែងរកកាលានុវត្តភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មទំនិញនិងសេវា និងការវិនិយោគ។ ផ្អែកទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានាពេលកន្លងមក ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណជិត ១ពាន់ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនជាង ២៤% បើធៀបនឹងឆ្នាំ២០២១៕



