អាមេរិក ៖ ក្រុមហ៊ុនអវកាស SpaceX បានបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដ៏ធំមួយទៅកាន់គន្លងតារាវិថី នៅព្រឹកថ្ងៃសៅរ៍ (ទី២៧ ខែឧសភា) នេះ ដែលនេះនាំឲ្យក្រុមហ៊ុន ខិតកាន់តែជិតនឹងការសម្រេចជោគជ័យចំនួន ២០០លើកនៃការចុះចតឧបករណ៍ជំរុញយានចម្លងដំណាក់កាលដំបូងរបស់ខ្លួន។
យានចម្លង Falcon 9 ដែលមានផ្កាយរណប Arabsat BADR-8 ត្រូវបានបាញ់ចេញពីស្ថានីយកងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋផ្លរីដា នៅវេលាម៉ោង ១២ និង៣០នាទីព្រឹក (ម៉ោង ៤:៣០នាទី ម៉ោងសកល)។ ដំណាក់កាលដំបូងរបស់យានចម្លង បានចុះចតនៅលើនាវាយានដ្រូន Just Read the Instructions របស់ក្រុមហ៊ុន SpaceX រយៈពេល ៨នាទី និង ៤៦វិនាទីក្រោយមក។
លោកស្រី Veronica Foreman របស់ក្រុមហ៊ុនអវកាស SpaceX បាននិយាយអំឡុងការផ្សាយផ្ទាល់នៃការបាញ់បង្ហោះថា បេសកកម្មយប់នេះ បានកត់សម្គាល់ឲ្យឃើញនូវការចុះចតដោយជោគជ័យលើកទី១៩៥ សម្រាប់ក្រុមហ៊ុនអវកាស SpaceX ជារួមរវាងយានចម្លង Falcon 9 និង Falcon Heavy។
យោងតាមការឲ្យដឹងពីបេសកកម្មរបស់ក្រុមហ៊ុនអវកាស SpaceX បានឲ្យដឹងថា នេះគឺជាបេសកកម្មលើកទី១៤ សម្រាប់ដំណាក់កាលដំបូងរបស់យានចម្លង Falcon 9 ហើយក្នុងចំណោមការបាញ់បង្ហោះមុនៗ មានបេសកកម្មបាញ់បង្ហោះនាំអវកាសយានិកឯកជនចំនួនពីរលើក គឺ Inspiration4 ក្នុងខែកញ្ញា ឆ្នាំ២០២១ និង Ax-1 ក្នុងខែមេសា ឆ្នាំ២០២២៕

