ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលអំណោយម៉ាស់សុខាភិបាលពីសមាគមខ្មែរ-ចិន នៅកម្ពុជា សមាគមត្រកូល លីម និងសមាគមសហព័ន្ធប្រជាជនចិននៅទីក្រុង ហ៊ូចូវ តាមរយៈនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល លើកិច្ចការមីន យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ។
ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅស្នាក់ការសមាគមត្រកូល លីម មានទីតាំងខាងកើតស្ពានជ្រោយចង្វារ។ អំណោយរួមមាន ៖ ម៉ាស់ធម្មតាចំនួន ២៥០, ០០០ម៉ាស់ , ម៉ាស N95 ចំនួន ១០ ,០០០ម៉ាស់ និងនំសាកឺរាចំនួន ៦០កេស។
ក្នុងនាមកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ មាស សុភា បានថ្លែងអំណរគុណចំពោះសមាគម ទាំង០៣ រួមមាន សមាគម ខ្មែរ-ចិន នៅកម្ពុជា សមាគមត្រកូល លីម និងសមាគម សហព័ន្ធប្រជាជនចិននៅទីក្រុង ហ៊ូចូវ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា អំណោយដ៏ថ្លៃថ្លានេះ ជាការចែករំលែកដ៏មានសារៈសំខាន់ ដើម្បីចូលរួមគាំទ្រដល់កងទ័ព ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ៕



