នគរបាលបាននិយាយថា ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋ Utahសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងចំក្បាល ពេលកំពុងលេងជាមួយក្មេងផ្សេងទៀត នៅខាងក្រៅ ក្នុងបរិវេណហ៊ុមព័ទ្ធដោយរបងនៅមណ្ឌលថែទាំកុមារពេលថ្ងៃ។

នគរបាលបានកំណត់អត្តសញ្ញាណបុរសម្នាក់ដែលកំពុងបាញ់សត្វដោយកាំភ្លើង ម៉ាក calibre 22 នៅតំបន់មួយភាគខាងលិចនៃកន្លែងថែទាំកុមារពេលថ្ងៃ ស្ថិតនៅក្នុងទីក្រុង Spanish Fork។ បុរសរូបនេះ កំពុងសហការជាមួយអ្នកស៊ើបអង្កេត ហើយនឹងត្រូវបានកំណត់ថាមានទោស លុះត្រា តែមានការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងរូបគេ នេះបើយោងតាមនាយកដ្ឋាននគរបាល Spanish Fork ។

នគរបាល បាននិយាយថា កាលពីថ្ងៃច័ន្ទ កុមារជាច្រើននាក់កំពុងលេង នៅក្នុងបរិវេណដែលមានព័ទ្ធរបងឈើបន្ទះ ដែលត្រូវបានមើលថែដោយបុគ្គលិកជាមនុស្សពេញវ័យពីរនាក់ នៅពេលកុមារម្នាក់ ទំនងជាជំពប់ជើងដួល ហើយត្រូវបានគេឃើញមានហូរឈាមចេញពីផ្ទៃមុខ។ នគរបាលបានឲ្យដឹងថា មជ្ឈមណ្ឌលមើលថែកុមារពេលថ្ងៃ បានជូនដំណឹងដល់ឪពុកម្តាយ ដែលក្រោយមកបានបញ្ជូនកូនរបស់ខ្លួនទៅមន្ទីរពេទ្យដើម្បីព្យាបាល ៕