នគរបាលបាននិយាយថា អ្នកដំណើរម្នាក់ នៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines (អេស៊ានណា អ៊ែរឡាញ) ដែលបានបើកទ្វារនៅលើយន្ដហោះ ប៉ុន្មាននាទីមុនពេលយន្ដហោះនោះ ចុះបតនៅក្នុងទីក្រុង ដេហ្គូ(Daegu) កាលពីថ្ងៃសុក្រនោះ គឺមានស្មារតីមិនល្អ។

លោក គីម ជុងឆាន់ មន្រ្ដីនគរបាលម្នាក់មកពីស្នងការនគរបាល ដេហ្គូ ដុងប៊ូ(Daegu Dongbu) បាននិយាយថា បុរសរូបនេះ គឺកំពុងតស៊ូ នឹងបញ្ហាខួក្បាលនៅពេលនេះ ហើយយើងមិនអាចស៊ើបអង្គេតឲ្យបានដិតដល់បានទេ ដោយសារសតិរបស់គេមិនល្អ។
យោងតាមទូរទស្សន៍ខ្សែកាប្លិ៍ក្នុងស្រុក Channel YTN ដែលស្រង់ប្រភពពីស្នងការនគរបាល ដេហ្គូ ដុងប៊ូ បាននិយាយថា បុរសរូបនោះ មានវ័យខ្ទង់ ៣០ឆ្នាំ ហើយត្រូវបានគេស្គាល់ត្រឹមតែនាមត្រកូល លី(Lee) ប៉ុណ្ណោះ បានប្រាប់នគបាលថា ការដែលរូបគេបើកទ្វារនេះ ពីព្រោះតែស្ថានភាពនៅទីនោះ គ្មានផាសុកភាព ហើយចង់ចុះពីលើយន្ដហោះឲ្យបានឆាប់។
បុរសនោះ បានប្រាប់សមត្ថកិច្ចថា រូបគេមានអារម្មណ៍តានតឹងខ្លាំងបន្ទាប់ពីបានបាត់បង់ការងារធ្វើកាលពីពេលថ្មីៗនេះ។
ទូរទស្សន៍ប៉ុស្ដិ៍ YTN បាននិយាយថា នគរបាលមានផែនការដាក់ពាក្យសុំដីកាចាប់ខ្លួនប្រឆាំងនឹងបុរសនោះ បន្ទាប់ពីការស៊ើបអង្គេតឧបទ្ទវហេតុនោះ បញ្ចប់ទៅ ដែលបានធ្វើអោយអ្នកដំណើរ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែមានបញ្ហាផ្លូវដង្ហើម៕ អត្ថបទ៖ មករា
