កំពង់ចាម : ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ ទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ថ្ងៃនេះបានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥០០នាក់ ចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ដោយឥតគិតថ្លៃ និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន៧៣២៧នាក់ ស្រី៤៣៥៦នាក់។ សកម្មភាពសប្បុរសធម៌មិនអាចកាត់ថ្លៃបាននេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកងមាស បានថ្លែងថា ថ្ងៃនេះ ជាលើកទី២ហើយ បានអញ្ជើញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥០០នាក់ ដឹកនាំដោយឯកឧត្តម លេង ផាលី ដើម្បីមកពិនិត្យ ព្យាបាលជំងឺជូនប្រជាជនដោយឥតគិតថ្លៃ ក្នុងដំណាលពេលវេលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សង្កេតឃើញថា សុខភាពរបស់ប្រជាជន ជាបញ្ហាចម្បង ដែលក្រុមការងារត្រូវតែបន្តយកចិត្តទុកដាក់។ ដោយឡែកចំពោះយុវជន និងសិស្សានុសិស្ស គឺក្រុមការងារត្រូវតែបន្តជួយអប់រំផ្នែកអនាម័យ សុខភាពរាង្គកាយ និងសុខភាពបន្តពូជជាដើម។ ដើម្បីឲ្យយុវជនបានយល់ដឹង ទន្ទឹមនឹងនោះក្រុមការងារគ្រោងរៀបចំឲ្យមានបន្ទប់សុខភាពតែម្តង នៅក្នុងវិទ្យាល័យទាំងបី ក្នុងស្រុកកងមាស ឲ្យក្លាយទៅជាបន្ទប់សុខភាពគំរូ សម្រាប់ផ្តល់ឱកាសឲ្យយុវជនចូលទៅពិគ្រោះយោបល់ យល់ដឹង និងការលើកកម្ពស់សុវតិ្ថភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា ដែលជាគោលនយោបាយសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា រយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៧ ឧសភា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន១២,០៦៩នាក់ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត បានចំនួន១០៧០លើក ព្យាបាលជំងឺបានចំនួន ១១,៧២៨,២៧១នាក់ (ដប់មួយលាន ចិតសិបពីរម៉ឺន ប្រាំបីពាន់ ពីររយ ចិតសិបមួយនាក់) គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ២ ភាគ ៣ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,០៩១,៤៦៤នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣។ និយាយដោយឡែកគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៥៤៣,២៣៩ដូស (ដប់លាន ហាសិបបួនម៉ឺនបីពាន់ពីររយសាមសិបប្រាំបួន ដូស) ក្នុង២៥ រាជធានី-ខេត្ត៕ អត្ថបទ÷ រដ្ឋា

















