អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអាទិត្យ បានបញ្ចប់កិច្ចព្រមព្រៀងថវិកាជាមួយប្រធានសភា លោក Kevin McCarthy ដើម្បីពន្យារពេលបង្កើនកម្រិតអតិបរិមាបំណុលលើចំនួន ៣១,៤សែនកោដិដុល្លារ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយបាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រៀមរួចជាស្រេច ដើម្បីបញ្ជូនទៅកាន់សភា សម្រាប់ការបោះឆ្នោតអនុម័ត។

បន្ទាប់ពីមានការជជែកតាមទូរស័ព្ទជាមួយលោក McCarthy ដើម្បីបញ្ចប់ការងារចុងក្រោយ រហូតឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្ន (មិនទាន់ផ្លូវការ) កាលពីយប់ថ្ងៃសៅរ៍ លោក បៃដិន (Biden) បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា៖ «នេះគឺជាកិច្ចព្រមព្រៀងដែលជាដំណឹងល្អសម្រាប់ប្រជាជនអាមេរិក»។
លោក បៃដិន (Biden) បានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះ ជួយឲ្យលែងមានការគំរាមកំហែងនៃការខកខានសងបំណុលដ៏មហន្តរាយ និងជួយការពារការងើបឡើងវិញនៃសេដ្ឋកិច្ចដែលបានមកដោយលំបាក និងជាប្រវត្តិសាស្ត្ររបស់យើង»។
ប្រសិនបើទទួលបានការអនុម័តនោះ កិច្ចព្រមព្រៀងនេះ នឹងជួយការពាររដ្ឋាភិបាលសហរដ្ឋអាមេរិកពីការខកខានការសងបំណុលរបស់ខ្លួន ហើយកើតឡើងបន្ទាប់ពីការចរចារដ៏ក្តៅគគុកជាច្រើនសប្តាហ៍ រវាងលោក បៃដិន (Biden) និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។
តែយ៉ាងណាក្ដី កិច្ចព្រមព្រៀងនេះ នៅតែត្រូវឆ្លងកាត់សភាដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង នៅមុនថ្ងៃទី៥ ខែមិថុនា នៅពេលដែលរតនាគារសហរដ្ឋអាមេរិក និយាយថា នឹងអស់សាច់ប្រាក់ ដើម្បីបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួន។ លោក Biden បានរំពឹងថា លោក McCarthy នឹងធ្វើឲ្យមានការបោះឆ្នោតចាំបាច់ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះទទួលបានការអនុម័ត ដោយលោកប្រធានាធិបតីបន្ថែមថា៖ «ខ្ញុំជំរុញយ៉ាងខ្លាំងឲ្យសភាទាំងពីរអនុម័តកិច្ចព្រមព្រៀងនោះ»។
កិច្ចព្រមព្រៀងនឹងពន្យារការកម្រិតដែនកំណត់បំណុល រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កំណត់ការចំណាយថវិកា សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ប្រមូលយកមូលនិធិ COVID ដែលមិនបានប្រើមកវិញ ពន្លឿនដំណើរការដែលអនុញ្ញាតសម្រាប់គម្រោងថាមពលមួយចំនួន និងរួមបញ្ចូលតម្រូវការការងារចាំបាច់បន្ថែមដល់កម្មវិធីជំនួយស្បៀងអាហារ សម្រាប់ប្រជាជនក្រីក្រអាមេរិក៕