កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងប្រើប្រាស់កិច្ចព្រមព្រៀងអាវុធមានតម្លៃ ១៣,៧ពាន់លានដុល្លារជាមួយប្រទេសប៉ូឡូញ ជាកិច្ចព្រមព្រៀងធំបំផុតរបស់ទីក្រុងសេអ៊ូលដែលពុំធ្លាប់មាន ដើម្បីដាក់ចេញគោលការណ៍គ្រឹះសម្រាប់ឥទ្ធិពលផ្នែកឧស្សាហកម្មដែលក្រុមហ៊ុនវិស័យការពារជាតិរបស់ប្រទេសទាំងពីរ សង្ឃឹមថានឹងផ្គត់ផ្គង់ទីផ្សារផ្នែកយោធាដែលកំពុងត្រូវការបន្ទាន់របស់អឺរ៉ុបរហូតដល់ពេលអនាគត។ យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថា ការបង្កើនខ្លាំងរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការលក់អាវុធជាសកល បានហក់ឡើងដល់ជាង១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ បើប្រៀបធៀបឆ្នាំមុនមានត្រឹមតែ៧,២៥ពាន់លានដុល្លារដែលបានកើតឡើង ខណៈបណ្តាប្រទេសលោកខាងលិចប្រជែងគ្នាដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន និងភាពតានតឹងជាច្រើនកើនឡើងនៅក្នុងបញ្ហាដ៏ក្តៅគគុកនានា ដូចជាប្រទេសកូរ៉េខាងជើង ច្រកសមុទ្រកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង។ មន្ត្រីប្រទេសកូរ៉េខាងត្បូង និងប្រទេសប៉ូឡូញ និយាយថាភាពជាដៃគូរបស់ប្រទេសទាំងពីរនឹងជួយឲ្យពួកគេនូវជ័យជម្នះលើទីផ្សារអាវុធនៅអារ៉ុប ទោះបីក្រោយសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ដោយទីក្រុងសេអ៊ូលផ្តល់អាវុធដែលមានគុណភាពខ្ពស់ បានឆាប់រហ័សជាងប្រទេសផ្សេងៗទៀត ហើយប្រទេសប៉ូឡូញកំពុងផ្តល់សមត្ថភាពផលិតនិងបណ្តាញលក់ចូលទៅកាន់អឺរ៉ុប។

លោក Kim Hyoung Cheol នាយករងនៅរដ្ឋបាលកម្មវិធីទទួលបន្ទុកការពារជាតិកូរ៉េខាងត្បូង បាននិយាយថា យើងបានសម្រេចផ្តល់បច្ចេកវិទ្យាដល់ប្រទេសប៉ូឡូញដោយប្រើប្រាស់សមត្ថភាពឧស្សាហកម្មការពារជាតិប៉ូឡូញ។ យើងអាចនាំចេញរួមគ្នានិងផលិតប្រព័ន្ធអាវុធ ហើយបន្ទាប់មកនាំចេញប្រព័ន្ធអាវុធទាំងនោះទៅកាន់ប្រទេសជិតខាង។ លោក Kim និយាយបន្ថែមថា ប្រទេសកូរ៉េខាងត្បូងបានជំរុញអាវុធរបស់ខ្លួនទៅកាន់ប្រទេសប៉ូឡូញ មុនពេលសង្គ្រាម ប៉ុន្តែការវាយលុកលើអ៊ុយក្រែន ដែលរុស្ស៊ីចាត់ទុកថាជាប្រិបត្តិការពិសេសនោះ បានបង្កើនការចាប់អារម្មណ៍របស់ប្រទេសប៉ូឡូញុ៕
