កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានក្រើនរំលឹកដល់សកម្មជនបក្សទាំងអស់ត្រូវប្រឹងប្រែងពន្យល់នូវប្រវត្តិនៃការតស៊ូ ដឹកនាំ និងស្នាដៃសមិទ្ធផលជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សកម្មជន នឹងយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ចំនួនជាង ៣០០០នាក់។
ពិធីសំណេះសំណាលធ្វើឡើងនា ថ្ងៃអាទិត្យ ទី២៨ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណង ពង្រឹងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពការងារនានា របស់គណបក្សប្រជាជនកម្ពុជា ដល់សកម្មជនគណបក្ស ដើម្បីអនុវត្តយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
ដោយធ្វើយ៉ាងណាកំណត់នូវប្រៀបឈ្នះពីចម្ងាយជូនគណបក្សឲ្យបានជាដាច់ខាត។ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាចំបងក្នុងការកៀរគប្រជាពលរដ្ឋ ឲ្យងាកមកចូលរួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជានិរន្តរ៍។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សកម្មជន និងយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកជើងព្រៃ ដែលមានវត្តមានក្នុងកម្មវិធីនេះ។
ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ ថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំជាងគេក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង និងបន្តដឹកនាំ កសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។
ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារ ឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរៈជនដ៍ឆ្នើមជាច្រើនរូប ដែលបានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជា អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។
ប្រជាពលរដ្ឋអាចធ្វើដំណើរដោយសុវត្ថិភាពនៅគ្រប់ទីកន្លែងទូទាំងប្រទេស មានឱកាសក្នុងការប្រកបអាជីវកម្ម និងធ្វើការងារដែលខ្លួនចូលចិត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព។
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។
លើសពីនេះក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារជនបង្គោលក៏បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹកស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត៕















