តម្លៃប្រេង បានចាប់ផ្ដើមហក់ឡើង នៅថ្ងៃចន្ទនេះ បន្ទាប់ពីមេដឹកនាំរបស់សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងការកម្រិតអតិបរិមាបំណុលបណ្តោះអាសន្ន (មិនផ្លូវការ) ដែលអាចបញ្ចៀសការខកខានសងបំណុល ក្នុងប្រទេសមានសេដ្ឋកិច្ច និងអ្នកប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក បើទោះបីជាមានកង្វល់ពីការដំឡើងអត្រាការប្រាក់បន្ថែមទៀត បានកាត់បន្ថយចំណូលក៏ដោយ។

ភាគហ៊ុនតម្លៃប្រេងឆៅ Brent បានកើនឡើង ៦៦សេន ឬ ០,៩ភាគរយដល់ ៧៧,៦១ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ២:៤៥នាទី ម៉ោងសកល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក មានតម្លៃ ៧៣,៤២ ដុល្លារក្នុងមួយបារ៉ែល ដោយឡើង៧៥សេន ឬ ១%។ គេរំពឹងថា ការជួញដូរនេះ នឹងធ្លាក់ចុះ នៅថ្ងៃចន្ទនេះ ដោយសារតែថ្ងៃឈប់សម្រាករបស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានសភាលោក Kevin McCarthy កាលពីថ្ងៃសៅរ៍ បានបញ្ចប់កិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីពន្យារពេលនៃការកំណត់អតិបរិមាបំណុលលើចំនួន ៣១,៤សែនកោដិដុល្លារ និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល សម្រាប់រយៈពេលពីរឆ្នាំខាងមុខ ដោយមេដឹកនាំទាំងពីរបានបង្ហាញនូវទំនុកចិត្ត កាលពីថ្ងៃអាទិត្យថា សមាជិកនៃគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នឹងបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនេះ។
កាលពីសប្តាហ៍មុន ប្រេងឆៅ Brent និង WTI បានហក់ឡើង ១ភាគរយ ជាការកើនឡើងសម្រាប់សប្តាហ៍ទីពីរ។
តម្លៃបានហក់ឡើង នៅពេលដែលការពិភាក្សាពីការកម្រិតអតិបរិមាបំណុលរបស់សហរដ្ឋអាមេរិក បានបង្ហាញពីដំណើរការរីកចម្រើន ហើយបន្ទាប់ពីរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បានព្រមានអ្នកលក់ ដែលប៉ាន់ស្មានថា តម្លៃប្រេងនឹងធ្លាក់ចុះ ដើម្បីឲ្យមានការប្រុងប្រយ័ត្ន សម្រាប់ការខកចិត្ត។
គេមើលឃើញថា ការព្រមានរបស់ព្រះអង្គម្ចាស់ Bin Salman ជាសញ្ញាមួយ ដែលអង្គការនៃក្រុមប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត រួមទាំងប្រទេសរុស្ស៊ី ដែលត្រូវបានស្គាល់ថា OPEC+ អាចនឹងកាត់បន្ថយទិន្នផលប្រេងបន្ថែមទៀត នៅពេលពួកគេជួបប្រជុំគ្នា នៅថ្ងៃទី៤ ខែមិថុនា៕