នគរបាលនិយាយថា អ្នកជិះទោចក្រយានយន្តម្នាក់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីមានការបាញ់ប្រហារមួយរវាងជនអន្ធពាលជិះទោចក្រយានយន្តជាគូប្រជែង នៅកន្លែងប្រណាំងម៉ូតូ នៅទីក្រុង Red River រដ្ឋញូវម៉ិកស៊ីកូភាគខាងជើង កាលពីថ្ងៃសៅរ៍ ដែលសមាជិកក្រុមជនអន្ធពាល៣នាក់ ត្រូវបានសម្លាប់ និង៥នាក់រងរបួស។

អធិការនគរបាលរដ្ឋ លោក Tim Johnson បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកក្រុម Bandidos និងក្រុម Waterdogs បានប្រយុទ្ធគ្នាដោយការបាញ់កាំភ្លើងនៅម៉ោងប្រហែល៥ល្ងាច ម៉ោងក្នុងតំបន់ នៅលើផ្លូវធំដែលមានមនុស្សច្រើននៃទីក្រុងរមណីយដ្ឋានតំបន់ភ្នំចម្ងាយ ៧៥ម៉ាយភាគឦសានទីក្រុង Santa Fe ។

លោក Johnson បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Red River ថាវាគ្រាន់តែជាជម្លោះសមាជិកក្រុមជនអន្ធពាលតាមដងផ្លូវ ប៉ុន្តែលោកនិយាយថាគ្មានអ្នកនៅជិតកន្លែងកើតហេតុណាម្នាក់រងរបួសឡើយ។
អធិការនគរបាលបាននិយាយថា ក្នុងចំណោមមនុស្ស៣នាក់ដែលបានស្លាប់ ២នាក់ជាសមាជិក្រុម Bandidos ហើយម្នាក់ទៀតជាសមាជិកក្រុម Waterdog ។
Jacob Castillo អាយុ៣០ឆ្នាំ សមាជិកក្រុម Waterdog មកពីរដ្ឋញូវម៉ិកស៊ីកូ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម។
អ្នកជិះម៉ូតូប្រមាណ២៨.០០០នាក់មកពីទូទាំងប្រទេស ត្រូវបានគេរំពឹងថា មកចូលរួមការប្រណាំងនៅថ្ងៃទិវាចងចាំ ដែលមានបង្ហាញការប្រគុំតន្ត្រីផ្សាយផ្ទាល់ និងពិធីរំលឹកនៅឯវិមានអនុស្សាវរីយរំលឹកដល់អតីតយុទ្ធជននៃសង្រ្គាមវៀតណាម នៅភូមិ Angel Fire ដែលនៅក្បែរនោះ។