ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា មនុស្សដល់ទៅ ៥០៦នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលនាំឱ្យចំនួនឆ្លងសរុបកើនឡើងជិត ២ម៉ឺននាក់ហើយនៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ៤៩៥នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយអ្នកឆ្លងថ្មី ១១នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ១៩ ៧៤៣នាក់គិតចាប់តាំងពីកម្ពុជា រកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩សរុប ៧ ៨២០នាក់ បានជាសះស្បើយពីជំងឺផ្លូវដង្ហើមនេះ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ១៧៩នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ។
ចំណែកតួលេខអ្នកស្លាប់វិញ ក្រសួងសុខាភិបាលបញ្ជាក់ថា បានកើនឡើងដល់ ១២៦នាក់ហើយក្នុងនោះមានមនុស្ស ៦នាក់ទៀតបានស្លាប់ដែលក្រសួងប្រកាសនៅថ្ងៃនេះ៕
