
ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់បានបញ្ជាក់ថា ថ្នាំជក់ មិនអាចជំនួសចំណីអាហារបាននោះទេ និងត្រូវដឹងថា ការប្រើប្រាស់ថ្នាំជក់អស់ថវិកា និងប៉ះពាល់សុខភាពថែមទៀតផង។
ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ "យើងត្រូវការអាហារ មិនមែនថ្នាំជក់ " និងទទួលបាននូវ “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់” រៀបចំដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព, នាទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងទៀតថា ជារៀងរាល់ឆ្នាំអង្គការសុខភាពពិភពលោក តែងតែពិនិត្យគោលនយោបាយ របស់រដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗអំពីការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងកាត់បន្ថយពីហានិភ័យ បណ្តាមកពីការប្រើប្រាស់ថ្នាំជក់ ជាពិសេសថ្នាំជក់ធ្វើឲ្យយើងកើតជំងឺមហារីកសួត មហារីកក្រពេញ ធ្វើឲ្យទារកកើតមកមិនគ្រប់ខែ ធ្វើឲ្យខានបង់សេដ្ឋកិច្ច មកពីការប្រើប្រាស់ថ្នាំជក់។
នាឱកាសនោះតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានប្រគល់ពានរង្វាន់ទិវាពិភពលោក គ្មានថ្នាំជក់ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្នានោះដែរឯកឧត្តម រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការទទួលបាននូវពានរង្វាន់នេះ ពិតជាបានឆ្លុះបញ្ចាំង និងឈរលើមូលដ្ឋាននៃសមិទ្ធផលសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមចំណែកជាបន្តបន្ទាប់ ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងវិស័យអប់រំ។
ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងភាពលេចធ្លោ នៃការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សា។ ពានរង្វាន់ដែលក្រសួងអប់រំ យុវជន និងកីឡា បានទទួលនាពេលនេះ ពិតជាកម្លាំងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកអប់រំ និងអ្នកសិក្សាទូទាំងប្រទេស ឱ្យខិតខំបំពេញបេសកកម្មបន្ថែមទៀត ក្នុងការចូលរួមថែរក្សា និងពង្រឹងសមិទ្ធផលនាពេលកន្លងមក ប្រកបដោយភាពស្វាហាប់ ព្រមទាំងបន្តលើកកម្ពស់ការអនុវត្តសកម្មភាពថ្មីៗ បន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពពេញលេញ ទាំងសុខភាពសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យសង្គមកម្ពុជា ប្រកបដោយសក្តានុពល និងមានវិបុលភាព៕អត្ថបទ រដ្ឋា