
ស៊ុបបង្កងយក្សជើង១៤ គឺជាមុខម្ហូបថ្មីនៅភោជនីយដ្ឋានលក់ស៊ុបមីក្នុងទីក្រុងតៃប៉ិ ហើយមានមនុស្សជាច្រើនតម្រង់ជួររង់ចាំទទួលទានស៊ុបគុយទាវ និងថតយករូបភាពមុខម្ហូបដ៏ប្លែក នោះផងដែរ។
ចាប់តាំងពីភោជនីយដ្ឋានលក់ស៊ុបមី 'The Ramen Boy' បានដាក់លក់ស៊ុបគុយទាវមានកំណត់កាលពីថ្ងៃទី ២២ ឧសភា នោះមក មានមនុស្សជាង ១០០នាក់ បានចុះឈ្មោះក្នុងបញ្ជីរង់ចាំ ដើម្បីទទួលទានអាហារនៅភោជនីយដ្ឋាននេះ។
ភោជនីយដ្ឋាននេះ ចំហុយសត្វបង្កងសមុទ្រទឹកជ្រៅរយៈពេល ១០ នាទី មុនពេលដាក់វាទៅក្នុងចានស៊ុបមីជាមួយនឹងសាច់មាន់ ព្រមទាំងត្រីចំហុយ។ ស៊ុបគុយទាវនោះ មានតម្លៃរហូតដល់ ១.៤៨០ ដុល្លារតៃវ៉ាន់ (៤៨ ដុល្លារ) ក្នុងមួយចាន។
ចាប់តាំងពីភោជនីយនោះបានចាប់ផ្តើមលក់ស៊ុបប្រភេទនោះមក បណ្ដាអ្នកស្រាវជ្រាវមួយចំនួន បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់អេកូឡូស៊ី ដ៏ធ្ងន់ធ្ងរនៃយុទ្ធសាស្ត្រនេសាទបាតសមុទ្រ ក៏ដូចជាហានិភ័យសុខភាពដែលអាចកើតមានផងដែរ៕