តំបន់អាស៊ី៖ ប្រទេសមួយចំនួននៅតំបន់អាស៊ី កំពុងប្រឈមនឹងរលកថ្មីនៃវីរុសកូរ៉ូណា ខណៈដែលប្រទេសខ្លះកំពុងព្យាយាមទប់ទល់គ្រប់គ្រងការផ្ទុះដ៏ធ្ងន់ធ្ងរ បំផុតចាប់តាំងពីចាប់ផ្ដើមផ្ទុះជំងឺរាតត្បាតសកលនេះ។

យោងតាមរបាយការណ៍របស់ CNN ខណៈដែលប្រទេសឥណ្ឌាមានករណីឆ្លងពាក់កណ្ដាល នៃចំនួនអ្នកឆ្លងសកលកាលពីសប្ដាហ៍កន្លងទៅ អង្គការសុខភាពពិភពលោកនិយាយថា ករណីឆ្លងកំពុងហក់ឡើងខ្លាំងនៅក្នុងបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសនេប៉ាល់, ស្រីលង្កា, ថៃ និងកម្ពុជា។ អង្គការសុខភាពពិភពលោកបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាននៅដើមសប្ដាហ៍នេះថា តំបន់អាស៊ីអាគ្នេយ៍បានរាយការណ៍ករណីឆ្លងថ្មីជាង ២លាន ៧សែននាក់ និងស្លាប់ថ្មីជាង ២៥,០០០នាក់ កើនឡើងជាលំដាប់ចំនួន ១៩% និង ៤៨% បើធៀបទៅនឹងសប្ដាហ៍កន្លងទៅ។ ប្រទេសនេប៉ាល់បានរាយការណ៍ករណីឆ្លងថ្មីជាង ៩,៧០០នាក់ កាលពីថ្ងៃសុក្រ បន្ទាប់ពីមានជិត ៥០០ករណីកាលពីពាក់កណ្ដាលខែមេសាកន្លងទៅ។ យោងតាមការចុះផ្សាយរបស់ CNN ផ្អែកលើទិន្នន័យរដ្ឋាភិបាលស្រីលង្កាបានរាយការណ៍ករណីឆ្លងជិត ១,៩០០នាក់កាលពីថ្ងៃសុក្រ ជាចំនួនកើនឡើង ៥ដងនៃករណីឆ្លងប្រចាំថ្ងៃ ដែលខ្លួនបានរាយការណ៍កាលពីដើមខែមេសា។
យោងតាមសកលវិទ្យាល័យ Johns Hopkins ឲ្យដឹងថា ប្រទេសថៃបានរាយការណ៍ករណីឆ្លងថ្មីជាង ២ពាន់នាក់កាលពីថ្ងៃសុក្រ។ ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៨៧នាក់កាលពីល្ងាចថ្ងៃអាទិត្យ។ នៅព្រឹកថ្ងៃច័ន្ទនេះ ប្រទេសវៀតណាមបានមើលឃើញករណីឆ្លងថ្មីចំនួន ៨០នាក់ រួមទាំងករណីឆ្លងនាំចូល ២នាក់ផង។ នាយិកាវិទ្យាស្ថានជាតិអនាម័យ និងជំងឺឆ្លងរបស់ប្រទេសវៀតណាមបានប្រាប់សារព័ត៌មានជីវិត និងសុខភាពកាលពីថ្ងៃសៅរ៍ថា វីរុស Covid-19 បម្លែងខ្លួនថ្មី ៤ប្រភេទកំពុងធ្វើចរាចរណ៍យ៉ាងសកម្ម នៅក្នុងប្រទេសវៀតណាម និងកំពុងធ្វើឲ្យផ្លាស់ប្ដូរស្ថានភាពឆ្លងរាលដាលនេះ៕
អត្ថបទ៖ សុខមាន