ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបាន បង្ហោះជាសាធារណៈថាទីតាំង មជ្ឍមណ្ឌល ចយ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី នៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករាបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទុប់ទុកចោល គ្មានសម្ភារៈអ្វីពាក់ព័ន្ធល្បែងស៉ីសងទេ។
សូមជម្រាបជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ មានការបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរង ទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង មជ្ឍមណ្ឌល ចយ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងសុីសងឡើយ។
នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់៕
អត្ថបទ៖ កុម្ភៈ










