
ខ្សែវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីចំហេះព្រៃក្បែរនោះ នៅពាសពាញលើទីក្រុងហាលីហ្វាក ភាគខាងកើត នៃប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ (២៨ ឧសភា)។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលក្នុងតំបន់បានចេញសេចក្ដីប្រកាសអាសន្ន និងបញ្ជាជម្លៀសប្រជាជនជាច្រើនសម្រាប់តំបន់ដែលរងផលប៉ះពាល់។ យ៉ាងហោចណាស់លំនៅឋាន ១០ខ្នង ត្រូវបានឆាបឆេះដែលបណ្ដាលមកពីចំហេះព្រៃនោះ គិតត្រឹមល្ងាចថ្ងៃអាទិត្យ។
រដ្ឋាភិបាលទីក្រុងហាលីហ្វាក បាននិយាយថា ស្ថានភាពអាសន្ននឹងចូលជាធរមានសម្រាប់រយៈពេលប្រាំពីរថ្ងៃ លុះត្រាតែមានការលើកចេញ ឬពន្យារពេល។ មជ្ឈមណ្ឌលអប់រំប្រចាំតំបន់ហាលីហ្វាក បានប្រកាសនៅលើគណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់ខ្លួនថា សាលារៀននៅក្នុងតំបន់រងផលប៉ះពាល់នឹងត្រូវបិទនៅថ្ងៃច័ន្ទ (២៩ ឧសភា) នេះ។ មានការដាច់ចរន្តអគ្គិសនីជាច្រើនផងដែរ នៅក្នុងតំបន់ដែលរងផលប៉ះពាល់នោះ។ ចំហេះព្រៃនេះ បានកំពុងឆាបឆេះក្នុងតំបន់ជាច្រើនក្នុងប្រទេសកាណាដាអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕
