បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកថវិការបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនយោធិននៃយោធភូមិភាគ៥មួយរូប ដែលរងរបួសដោយសារផ្ទុះមីន អំឡុងជួយសង្គ្រោះស្រ្តីជនជាតិថៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីទទួលបានព័ត៌មាន មានជនជាតិថៃ រងរបួសដោយសារផ្ទុះមីន កងកម្លាំងដោះមីន យោធភូមិភាគទី៥ ចំនួន២៧នាក់ សហការជាមួយកងកម្លាំងភាគីថៃ នៅទល់មុខតំបន់កើតហេតុ បានចេញប្រតិបត្តិការបើកធ្វើផ្លូវចូលទៅជួយសង្គ្រោះភ្លាមៗ ខណៈកាប់ឆ្ការព្រៃរាវរកមីន បានបណ្តាលឲ្យផ្ទុះមីន ត្រូវផ្ទៃមុខយោធិនម្នាក់បណ្តាលឲ្យរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធភូមិភាគទី៥ ភ្លាមៗផងដែរ។
លោកឧត្តមសេនីយទោ សេង ធារិន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដល់លោកពលបាលឯក សេង ឆន ដែលបានខិតខំជួយសង្គ្រោះ រហូតបណ្តាលឲ្យប៉ះពាល់ភ្នែក។ បន្ថែមលើនេះ គឺជាការបង្ហាញនូវទឹកចិត្តមនុស្សធម៌របស់កងទ័ពកម្ពុជា មិនប្រកាន់ជាតិសាសន៍ ក្នុងជួយគ្នាទៅវិញទៅមក រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៕ ដោយ ៖ ឧត្ដម




