ទោចក្រយាន៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានកំណត់ខេត្តចំនួន ៣ រួមមានខេត្តសៀមរាប, ខេត្តព្រះសីហនុ និងខេត្តកែបគឺជាខេត្តគោលដៅដ៏មានសក្ដានុពល សម្រាប់ការត្រៀមរៀបចំការប្រកួតកីឡាទោចក្រយាន ឬកីឡាប្រណាំងពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ។

លោក នូ ចំរើន បានបញ្ជាក់ថា ខេត្តទាំងបីមានហេដ្ឋារចនាសម្ព័ន្ធល្អ ស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិដែលអាចរៀបចំការប្រកួត កីឡាទោចក្រយានជាលក្ខណៈអន្តរជាតិបាន។ លើសពីនេះ ខេត្តនីមួយៗថែមទាំងជាគោលដៅទេសចរណ៍ទៀតផង តែសហព័ន្ធមើលឃើញខេត្តសៀមរាបអាចមានអាទិភាពជាងគេ ក្នុងជ្រើសរើសរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ព្រោះខេត្តនេះមានអំណោយទាំងព្រម ទាំងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីទៀតផង។ គួរដឹងថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាបានកំណត់ទីតាំងធំៗចំនួន ២ សម្រាប់ការរៀបចំការប្រកួត ទី១-ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងរៀបចំពិធីបើក-បិទផង កន្លែងស្នាក់នៅរបស់អត្តពលិកផង និងជាកន្លែងប្រកួតប្រភេទកីឡាមួយចំនួនផង។ ទី២-ពហុកីឡដ្ឋានជាតិ ឬស្ដាតអូឡាំពិកជាកន្លែងប្រកួតប្រភេទកីឡាមួយចំនួនធំ។ តែក្រៅពីទីតាំងធំៗទាំងពីរនេះ គណៈកម្មាធិការជាតិ CAMSOC ក៏នឹងកំណត់ទីតាំងតាមបណ្ដាខេត្តមួយចំនួន ដែលតម្រូវទៅតាមប្រភេទកីឡាមួយចំនួនផងដែរ។
តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានមានប្រសាសន៍ថា កំណត់ទីលានប្រកួត ពិសេសទីលានកីឡាតាមខេត្ត នឹងត្រូវបញ្ចប់ឲ្យបានគ្រប់ប្រភេទកីឡាក្នុងសប្ដាហ៍នេះ ដើម្បីដាក់ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ពិនិត្យ និងសម្រេច ហើយបញ្ជូនឲ្យសហព័ន្ធពាក់ព័ន្ធត្រៀមលក្ខណៈរៀបចំ និងទទួលខុសត្រូវក្នុងការរៀបចំទីលានប្រកួត ឆ្ពោះទៅរកឧត្តមភាពជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ ជាក់ស្ដែងពេលនេះ សហព័ន្ធខ្មែរកីឡាទោចក្រយានបានកំណត់ខេត្ត ក៏ដូចជាទីលានដើម្បីត្រៀមស៊ីហ្គេមហើយ នៅឡើយតែការសម្រេចចុងក្រោយប៉ុណ្ណោះ។ តែក្រៅពីកីឡាទោចក្រយាន កីឡាមួយចំនួនទៀតក៏កំពុងសិក្សាទីលានតាមខេត្ត ទៅតាមប្រភេទកីឡារបស់ខ្លួនផងដែរ ដូចជាម៉ូតូទឹកសិក្សាទីលាននៅខេត្តព្រះសីហនុ និងខេត្តកែប, កីឡាទ្រីយ៉ាត្លុងសិក្សាទីលាននៅខេត្តកែប, កីឡាទូកសិក្សាទីលាននៅទន្លេក្រុងតាខ្មៅ និងកីឡាបេស្បលសិក្សាទីលាននៅខេត្តកំពង់ធំជាដើម៕
អត្ថបទ៖ លី ឈុនឡា