សេណេហ្គាល់៖ ក្រុមបាតុកររាប់សិបនាក់បានប៉ះទង្គិចគ្នាជាមួយនគរបាលនៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់ កាលពីថ្ងៃចន្ទ បន្ទាប់ពីសមាជិកសភា ត្រូវបានរារាំងមិនឲ្យចូលទៅកាន់លំនៅឋានរបស់អ្នកនយោបាយបក្សប្រឆាំងដ៏លេចធ្លោម្នាក់ កំពុងត្រូវបានកាត់ទោសពីបទចោទប្រកាន់ដាច់ដោយឡែកពីគ្នានៃករណីរំលោភសេពសន្ធវៈនិងបទបរិហាកេរ្តិ៍។

នគរបាល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលបានបង្កើតរបាំងបណ្តោះអាសន្ននៅតាមផ្លូវហាយវ៉េមួយក្នុងទីក្រុង Dakar។ នៅក្នុងតំបន់ជិតខាងមួយកន្លែង រថយន្តជាច្រើនគ្រឿងត្រូវបានបំផ្លាញដោយអគ្គិភ័យហើយអគារក្រសួងមួយកន្លែង កំពុងឆាបឆេះ។ វាជាជុំចុងក្រោយនៃភាពចលាចលរយៈពេលជាច្រើនខែដែលបង្កឡើងដោយការបដិសេធរបស់ប្រធានាធិបតីលោក Macky Sall មិនព្រមលុបចោលការឈរឈ្មោះសម្រាប់អាណត្តិទី៣ និងដោយសាររឿងក្តីនានានៅតុលាការ ជាប់ពាក់ព័ន្ធគូប្រជែងឈានមុខម្នាក់លោក Ousmane Sonko ដែលបានបដិសេធថាពុំបានធ្វើខុសនិងបាននិយាយថាបទចោទប្រកាន់ទាំងអស់មានបំណងលុបឈ្មោះលោកចេញពីការបោះឆ្នោតប្រធានាធិបតីនៅខែកុម្ភៈឆ្នាំក្រោយ។

ប្រទេសសេណេហ្គាល់ ត្រូវបានគេមើលឃើញថាជាប្រទេសមានលទ្ធិប្រជាធិបតេយ្យរឹងមាំបំផុតមួយនៅអាហ្វ្រិកខាងលិច ហើយវាមានការកំណត់២អាណត្តិសម្រាប់ប្រធានាធិបតី។ ប៉ុន្តែក្រុមអ្នករិះគន់របស់លោក Macky Sall ព្រួយបារម្ភថាលោកនឹងប្រើប្រាស់ការផ្លាស់ប្តូរក្នុងរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៦ ជាលេសកំណត់អាណត្តិរបស់លោកឡើងវិញ និងឈរឈ្មោះម្តងទៀត។
លោក Sonko មានអ្នកគាំទ្ររឹងមាំក្នុងចំណោមយុវជនប៉ុន្តែការធ្វើអត្ថាធិប្បាយដែលមិនគួឲ្យគោរពរបស់លោកកាលពីសប្តាហ៍មុនអំពីស្ត្រីម្នាក់ដែលបានចោទប្រកាន់រូបលោកពីបទរំលោភនៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងឆ្នាំ២០២១ បង្កឲ្យមានប្រតិកម្មខ្លាំងពីក្រុមស្ត្រីនិងឥស្សរជនល្បីឈ្មោះរាប់សិបនាក់របស់ប្រទេសសេណេហ្គាល់។