បាត់ដំបង ៖ ក្នុងរយៈពេលមួយសប្ដាហ៍ គឺគិតត្រឹមថ្ងៃទី៣ ដល់ទី៩ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត បានរកឃើញពលករទើបត្រឡប់មកពីប្រទេសថៃ មានវិជ្ជមានកូវីដ១៩ ចំនួន១៣នាក់ ក្នុងនោះ មានទាំងអ្នករស់នៅក្នុងខេត្តបាត់ដំបង និងអ្នករស់នៅខេត្តបន្ទាយមានជ័យ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញពីការរកឃើញពលករម្នាក់ ទើបត្រឡប់មកពីប្រទេសថៃ វិជ្ជមានកូវីដ១៩ ហើយនៅថ្ងៃទី៤ អាជ្ញាធរខេត្ត បានប្រកាសពីការរកឃើញបន្ថែមនូវពលករចំនួន៤នាក់ទៀត។ ចំពោះមនុស្សទាំង៥នាក់នេះ បានមកពីប្រទេសថៃជាមួយគ្នា និងមានលំនៅឋានក្នុងស្រុកសង្កែ ហើយមានអ្នកពាក់ព័ន្ធនឹងពួកគេរហូតដល់ជាង៣០នាក់ ត្រូវបានមន្ត្រីសុខាភិបាលខេត្តធ្វើសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក។
ចំណែកនៅថ្ងៃទី៧ ខែឧសភា រដ្ឋបាលខេត្ត ក៏បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ម្នាក់ទៀត រស់នៅក្នុងស្រុកសង្កែ ដែលជាអ្នកពាក់ព័ន្ធនឹងមនុស្សទាំង៥នាក់ខាងលើ ហើយត្រូវបានមន្ត្រីសុខាភិបាលខេត្ត បាននាំមកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។
ដោយឡែកក្នុងសេចក្តីប្រកាសព័ត៌មានមួយទៀត កាលពីថ្ងៃទី៨ ខែឧសភា អាជ្ញាធរបាន រកឃើញពលករ២នាក់ទៀត រស់នៅឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរលក់ផ្កានៅប្រទេសថៃ ដោយពួកគេ បានចេញពីថៃ តាមច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ ស្រុកកំរៀង ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក កម្រិត១ នៅក្នុងវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
សម្រាប់កាលពីថ្ងៃទី៩ ខែឧសភា រដ្ឋបាលខេត្តបាត់ដំបង ក៏បានប្រកាសពីការរកឃើញពលករចំនួន ៥នាក់ទៀត ដោយ១នាក់ រស់នៅឃុំគារ ស្រុកមោងឫស្សី, ១នាក់ទៀតរស់ឃុំតាក្រី ស្រុកកំរៀង និង៣នាក់ រស់នៅឃុំតាពូង ស្រុកថ្មគោល ខណៈក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានរកឃើញជនជាតិនេបាល់ម្នាក់ ទើបត្រឡប់មកពីទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវិជ្ជមានកូវីដ១៩ផងដែរ ។
ចាប់តាំងពីការផ្ទុះឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ខេត្តបាត់ដំបង មានអ្នកជំងឺនេះ ចំនួន៤៨នាក់ បានព្យាបាលជាសះស្បើយ២៩នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំនួន១៩នាក់៕
អត្ថបទ៖ បាន សុខរិទ្ធ