អ៊ុយហ្គង់ដា៖ ទំនាក់ទំនងភេទដូចគ្នា ឬ LGBTQ គឺជាអំពើខុសច្បាប់រួចទៅហើយនៅក្នុងប្រទេសអ៊ុយហ្គង់ដា ពោលគឺដូចនៅក្នុងប្រទេសអាហ្វ្រិកជាង ៣០ផ្សេងទៀតដែរ ប៉ុន្តែច្បាប់ថ្មីពាក់ព័ន្ធនឹងបញ្ហានេះនៅតែធ្វើបន្ត ដោយជាក់ស្ដែង នាពេលនេះប្រធានាធិបតីរបស់ប្រទេសអ៊ុយហ្គង់ដា លោក Yoweri Museveni បានចុះហត្ថលេខាលើច្បាប់ប្រឆាំងក្រុមនេះ ដែលជាការដាក់ទោសទណ្ឌយ៉ាងតឹងតែងបំផុតរបស់ពិភពលោក ដោយក្នុងនោះរួមមានទាំងការកាត់ទោសប្រហារជីវិតផងដែរ សម្រាប់ «ការរួមមេត្រីភាពភេទដូចគ្នាដោយទង្វើព្រៃផ្សៃ»។

ច្បាប់ ដែលនាំឲ្យមានការថ្កោលទោសពីលោកខាងលិច នឹងទំនងប្រឈមនឹងទណ្ឌកម្មពីម្ចាស់ជំនួយដែរនោះ ចែងពីការដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់ «ជនដែលធ្វើខុសម្ដងហើយម្ដងទៀត» ប្រឆាំងនឹងច្បាប់នេះ និងការចម្លងជំងឺដែលព្យាបាលមិនជាសះស្បើយ ដូចជាមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) តាមរយៈការរួមភេទជាមួយភេទដូចគ្នា។ ច្បាប់នេះ ក៏សម្រេចកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំផងដែរ ពាក់ព័ន្ធនឹងបទល្មើសជួយ«ផ្សព្វផ្សាយ»ឲ្យមានការស្រឡាញ់ភេទដូចគ្នា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានហៅចំណាត់ការនេះថា «ជាការរំលោភសិទ្ធិមនុស្សដ៏គួរអាណោចអធ័ម ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការវាយតម្លៃពីផលប៉ះពាល់របស់ច្បាប់នេះ នៅគ្រប់ទិដ្ឋភាពនៃការពាក់ព័ន្ធទាំងអស់របស់សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ុយហ្គង់ដា» ដោយលោកបានថ្លែងថា៖ «យើងកំពុងពិចារណាលើជំហានបន្ថែម រួមទាំងការអនុវត្តទណ្ឌកម្ម និងការរឹតត្បិត ចំពោះការចូលមកកាន់សហរដ្ឋអាមេរិកប្រឆាំងនឹងនរណាម្នាក់ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។

ច្បាប់នេះ បាននាំឲ្យមានការរិះគន់តវ៉ាពីមជ្ឈដ្ឋានក្នុងស្រុកយ៉ាងច្រើន ដោយអ្នកដាក់ញត្តិម្នាក់ក្នុងចំណោមអ្នកតវ៉ាផ្សេងទៀត លោក Busingye Kabumba បានប្រាប់សារព័ត៌មាន Reuters ថា អង្គការក្នុងស្រុកមួយ គឺអង្គការវេទិកាលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងបុគ្គល ១០នាក់ផ្សេងទៀត បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងច្បាប់នេះ នៅតុលាការធម្មនុញ្ញ៕