ស៊ូដង់៖ កងទ័ពជាតិប្រទេសស៊ូដង់និងកងកម្លាំងគាំទ្ររហ័ស(RSF) កាលពីថ្ងៃចន្ទបានព្រមព្រៀងចំពោះការបន្ថែមពេល៥ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលពួកគេបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែឧសភា បន្ទាប់ពីការចរចា នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាពចំពោះជនស៊ីវិលទាំងអស់ចេញពីតំបន់ជម្លោះ និងការពារការផ្គត់ផ្គង់ដល់ជនស៊ីវិល។

កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រយៈពេលខ្លី និងការរៀបចំជំនួយមនុស្សធម៌ ត្រូវបានធ្វើឡើងតាមរយៈការចរចា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែឧសភា ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងគោលបំណងបញ្ចប់ជម្លោះក្នុងប្រទេសស៊ូដង់ និងការសម្របសម្រួលដំណើរការចូលនៃជំនួយមនុស្សធម៌។ បទឈប់បាញ់រយៈពេល៧ថ្ងៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២២ ខែឧសភា បានផុតកំណត់នៅម៉ោង៩:៤៥នាទីយប់ក្នុងក្នុងតំបន់កាលពីថ្ងៃចន្ទ។ ប៉ុន្តែការប៉ះទង្គិចគ្នាដែលកើតមានយូៗម្តង នៅតែត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដែលភាគីទាំងពីរបានដាក់កំហុសគ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់បណ្តោះអាសន្ននេះ។

កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមដោយជំរុញឲ្យភាគីជម្លោះទាំងពីរប្រកាន់ខ្ជាប់ចំពោះកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។
យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការក្រុមវេជ្ជបណ្ឌិតស៊ូដង់កាលពិថ្ងៃអាទិត្យបានឲ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នា បានកើនឡើងដល់៨៦៦នាក់ និង៣.៧២១នាក់ផ្សេងទៀតរងរបួស។ យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថានៅពេលដូចគ្នានេះដែរមនុស្សច្រើនជាង១.៣៦លាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេរួមទាំងជិត៣២០.០០០នាក់ បានគេចខ្លួនចូលទៅកាន់ប្រទេសជិតខាង៕