រុស្ស៊ី៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា យោធារបស់ខ្លួន បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយចំនួនរបស់អ៊ុយក្រែន ក្នុងការវាយប្រហារតាមអាកាសទាំងកណ្ដាលយប់ ហើយកងកម្លាំង អ៊ុយក្រែន បានបាញ់ផ្លោងលើទីតាំងឧស្សាហកម្មមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ខណៈភាគីទាំង២បានព្យាយាមដណ្ដើមគ្រប់គ្រង មុនអ្វីដែលទីក្រុង Kyiv សង្ឃឹមថា នឹងមានការវាយបកវិញ។

នៅក្នុងការទទួលស្គាល់ដ៏កម្រនៃការបំផ្លិចបំផ្លាញគោលដៅយោធា អ៊ុយក្រែន និយាយថា ខ្លួនកំពុងជួសជុល ផ្លូវរត់ មួយនិង យន្តហោះ៥គ្រឿង ដែល ត្រូវបាននផ្អាកសេវាកម្មនៅក្នុងតំបន់ Khmelnitskiy ភាគខាងលិចប្រទេសអ៊ុយក្រែន ទោះបីជាខ្លួនពុំបានបញ្ចេញឈ្មោះទីតាំងណាមួយក៏ដោយ។ វាជាអាកាសយានដ្ឋានយន្តហោះដ៏ធំមួយ នៅក្នុងតំបន់នេះ មុនពេលមានសង្រ្គាម។
ការិយាល័យអភិបាលតំបន់ Khmelnitskiy បាននិយាយថា នៅពេលនេះ ការងារនៅតែកំពុងបន្តដើម្បីពន្លត់ភ្លើងនៅក្នុងទីតាំងស្តុកប្រេង ប្រេងរំអិល និងគ្រាប់រំសេវ ។
ដោយសំអាងប្រភពពីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បាននិយាយថា អាកាសយានដ្ឋានច្រើនជាង១ ត្រូវបានរងការវាយប្រហារ ប៉ុន្តែពុំមានការបញ្ជាក់ពីអ៊ុយក្រែន អំពីការខូចខាតដល់មូលដ្ឋានទ័ពអាកាសផ្សេងទៀតនោះទេ។

គួររម្លឹកថា រដ្ឋធានីរបស់អ៊ុយក្រែន រងការវាយប្រហារចំនួន១៦ លើកនៅខែនេះ នៅពេលព្រឹក បន្ទាប់ពីការទម្លាក់គ្រាប់បែកពេលយប់លើកទី២ ។ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ភាគច្រើននៃយានដ្រូន និងមីស៊ីលដែលបានបាញ់នៅពេលយប់ ត្រូវបានបាញ់កម្ទេចចោល និងពុំមានគោលដៅណាមួយត្រូវបានរងការបំផ្លាញនៅពេលព្រឹកនោះទេ៕