អាមេរិក៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden ដែលបានពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីទួរគី Tayyip Erdogan បាននិយាយថា លោក Erdogan កាលពីថ្ងៃចន្ទ បានបង្ហាញបំណងរបស់លោកក្នុងការទិញយកយន្តហោះចម្បាំង F-16 ពី សហរដ្ឋអាមេរិក ដោយបន្ថែមថា ក្រោយមកលោកបានប្រាប់សមភាគីទួរគីថា ទីក្រុងវាស៊ីនតោន ចង់ឃើញ ទីក្រុងអង់ការ៉ា ទម្លាក់ចោលការប្រឆាំងរបស់ខ្លួនចំពោះការចូលជាសមាជិកណាតូរបស់ប្រទេសស៊ុយអែត។

ការពិភាក្សាតាមទូរស័ព្ទនេះ បានធ្វើឡើងនៅពេលលោក Biden បានអបអរសាទរ លោក Erdogan ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យកន្លងទៅ។
លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចាកចេញពីសេតវិមានទៅកាន់រដ្ឋ Delaware ថា លោកបានជជែកជាមួយលោក Erdogan ។ លោកបានអបអរសាទរលោក Erdogan។ លោកនៅតែចង់ធ្វើការងារឲ្យបានចប់រួចរាល់ទាក់ទងនឹងយន្តហោះចម្បាំង F-16 ។ លោកបានប្រាប់លោក Erdogan ថា យើងចង់បានកិច្ចព្រមព្រៀងមួយជាមួយប្រទេសស៊ុយអែត ។ ហើយយើងនឹងមានទំនាក់ទំនងល្អឡើងវិញជាមួយប្រទេសមួយផ្សេងទៀត ។
លោកបានបន្ថែមថា យើងនឹងជជែកគ្នាពីរឿងនេះនៅសប្ដាហ៍ក្រោយ។

សេចក្ដីថ្លែងការណ៍ពីប្រធានាធិបតីទួរគី ស្ដីពីការសុន្ទាតាមទូរស័ព្ទនេះ មានរយៈពេលខ្លី និងមិនច្បាស់លាស់។ សេចក្ដីថ្លែងការណ៍នេះ និយាយថា មេដឹកនាំទាំង២បានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការណ៍កាន់តែស៊ីជម្រៅ លើគ្រប់វិស័យនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ជាបញ្ហាដែលមេដឹកនាំទាំង២បាននិយាយថា បានកើនឡើងកាន់តែខ្លាំងក្នុងការប្រឈមដាក់គ្នាទាំងក្នុងតំបន់និងសកលលោក៕