ភ្នំពេញ៖ នាព្រឹកថ្ងៃ៣០ខែឧសភា ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំវគ្គបណ្តុះបណ្តាល អ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ជនបង្គោលរបស់ ស.ស.យ.ក រាជធានីខេត្តទទួលបន្ទុកអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ » ដើម្បីបំពេញកាតព្វកិច្ចល្អក្នុងការចូលរួមសង្កេតការណ៍លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។
ពិធីបើកវគ្គបណ្តុះបណ្តាលសមាជិកយុវជនជាជនបង្គោលធ្វើឡើងក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធ យុវជនកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជំរុញ និងតាមដានការអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ » រួមទាំងមានការអញ្ជើញចូលរួមពីសមាជិកសមាជិការ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាសិក្ខាកាមមកពីតាមបណ្តាខេត្តផ្សេងៗដែលនឹងត្រូវទទួលការបណ្តុះបណ្តាលប្រមាណ ៣០០នាក់ បន្ថែមទៀតផងដែរ ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ដូចសព្វមួយដង នៅថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល ដល់ជនបង្គោលរាជធានី-ខេត្ត របស់ខ្លួនត្រៀមចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ នេះជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ ២០១៨-២០២៣ ក្រោមយុទ្ធនាការ “ពលរដ្ឋល្អ” ដើម្បីចូលរួមធានានូវយុត្តិធម៌ តម្លាភាព និងធម្មានុរូបភាពនៃការបោះឆ្នោតនាពេលខាងមុខ។
ឯកឧត្តម ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរដល់គណបក្សនយោបាយទាំង ១៨ ដែលកាលពីម្សិលម៉ិញ ទទួលបានលេខរៀងសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។
ឯកឧត្តម ក៏សូមថ្លែងអំណរគុណផងដែរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ដែលបានដើរតួនាទីជាអាជ្ញាកណ្តាលប្រកបដោយជំនឿទុកចិត្ត ក្នុងការធានាដល់ការប្រព្រឹត្តទៅនៃការបោះឆ្នោត។ ការចូលរួមរបស់គណបក្សទាំង១៨ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា លំហសេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កំពុងតែមានអត្ថិភាពយ៉ាងទូលំទូលាយ ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចបញ្ចេញនូវការគាំទ្ររបស់ខ្លួនដល់គណបក្ស ដែលខ្លួនទុកចិត្ត។
ឯកឧត្តមបណ្ឌិត សោម រតនា សមាជិក គណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសារធារណៈ មានប្រសាសន៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនៅពេលនេះ គឺដើម្បីអោយសមាជិកសមាជិការជាជនបង្គោលទាំងអស់ ដែលត្រូវចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត បានយល់បានដឹងពីតួនាទីរបស់ខ្លួនអោយបានច្បាស់លាស់ ក្នុងកំឡុងពេលបំពេញភារកិច្ច នៃការចុះសង្កេតការណ៍ ។
ឯកឧត្តម បន្ថែមថា អ្នកសង្កេតការណ៍ដែលបានចូលរួមសង្កេតការណ៍គ្រប់ការិយាល័យបោះឆ្នោត គឺដើម្បីពិនិត្យមើល នឹងធានាបានថា មិនមានភាពមិនប្រក្រតីក្នុងការរារាំងរំខានដល់ដំណើរការ នៃការបោះឆ្នោតផងដែរ ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម ។
ជាថ្មីម្តងទៀត ក្នុងនាមអ្នកតំណាងរបស់ ស.ស.យ.ក ឯកឧត្តមសង្ឃឹម និងរំពឹងថា សមាជិកសមាជិកា ក៏ដូចជាសិក្ខកាមជាជនបង្គោល ដែលបានមកទទួលការបណ្តុះបណ្តាលនៅពេលនេះ ពួកគាត់នឹងយកចំណេះដឹងពីការរៀនសូត្រនេះ យកទៅអនុវត្តអោយបានល្អ ក៏ដូចជាការបញ្ជ្រាបបន្តទៅបណ្តាសមាជិកផ្សេងទៀត ដែលពួកគាត់ចូលរួមក្នុងការសង្កេតការណ៍នៅពេលខាងមុខនេះ អោយពួកគាត់ក្លាយទៅជាអ្នកសង្កេតការណ៍បោះឆ្នោតមួយដែលប្រកបទៅដោយយុត្តិធម៌ និងក្រមសីលធម៌ត្រឹមត្រូវផងដែរ ៕ អត្ថបទ » លីហេង








