
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានប្រកាសពីការបោះឆ្នោតសភាមុនអាណត្តិនៅក្នុងខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សសង្គមនិយមដែលកំពុងកាន់អំណាចរបស់លោក បានទទួលការបរាជ័យដ៏ធំក្នុងការបោះឆ្នោតតំបន់និងមូលដ្ឋាន។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍នៅទូទាំងប្រទេស លោក Sanchez បាននិយាយថា លោកបានទូលដល់មហាក្សត្រ Felipe VI របស់ប្រទេសអេស្ប៉ាញ ដែលជាប្រមុខរដ្ឋ ដើម្បីបោះឆ្នោតសភានៅថ្ងៃទី២៣ ខែកក្កដា ហើយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទបន្ទាប់ ដើម្បីអនុម័តលើសេចក្តីសម្រេច។
គណបក្សប្រជាប្រីយអភិរក្សនិយម ទទួលបានជោគជ័យយ៉ាងធំធេងក្នុងបោះឆ្នោតកាលពីថ្ងអាទិត្យ ដោយបានផ្តួលក្រុមសង្គមនិយមកំពុងកាន់តំណែងនៅក្នុងតំបន់សំខាន់ៗជាច្រើននិងរដ្ឋាភិបាលទីក្រុង រួមទាំងរដ្ឋាភិបាលប្រចាំតំបន់ទីក្រុង Valencia នៅភាគខាងកើតប្រទេស និងសាលាក្រុង Seville នៅភាគខាងត្បូង។ លោក Alberto Nunez Feijoo មេដឹកនាំគណបក្សប្រជាប្រីយ បានស្វាគមន៍លទ្ធផលនេះ។
លោកបាននិយាយនៅលើបណ្តាញ Twitter ថា ប្រទេសរបស់យើង បានចាប់ផ្តើមដំណើរមួយនៃការចាប់ផ្តើមជាថ្មី ដែលបច្ចុប្បន្នបានបង្ហាញពីដំណើរដែលពុំអាចបញ្ឈប់បាន ដោយអំពាវនាវដល់អ្នកគាំទ្រឲ្យផ្តល់សំឡេងភាគច្រើនដែលគ្មានអ្នកប្រជែងបានក្នុងការបោះឆ្នោតនៅខែកក្កដា។ លោក Sanchez អាយុ៥១ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០១៨ បន្ទាប់ពីទទួលបានជ័យជម្នះការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅក្នុងសភាលើនាយករដ្ឋមន្ត្រីកាលនោះគឺលោក Mariano Rajoy គណបក្សអភិរក្សអភិរក្សនិយម។
ក្រោយមកលោក Sanchez បានទទួលជ័យជម្នះការបោះឆ្នោតសកល ក្នុងខែវិច្ឆិកាឆ្នាំ២០១៩ ប៉ុន្តែបានធ្លាក់ចុះសំឡេងភាគច្រើនភ្លាមៗ។ លោកបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Podemos ឆ្វេងនិយម ដែលបានទទួលការបរាជ័យក្នុងការបោះឆ្នោតតំបន់កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ។