ភ្នំពេញ៖ ជំនាញអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូបនៅលើមហាវិថីសហព័ន្ធរុស្ស៊ីបណ្តាលឱ្យស្ត្រីម្នាក់ធ្លាក់ពីលើកង់បី ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៣០ ឧសភាថា កាលពីវេលាម៉ោងប្រមាណ១០ និង៥៧នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ ម៉ុតូកង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook ។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពរបស់រថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា ០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។
បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង ឬ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានឃើញការផ្សព្វផ្សាយក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ។
ជនសង្ស័យទី១ ឈ្មោះ ហូយ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរសិស្ស និងទី២ ឈ្មោះ ធឿន ចាន់រដ្ឋា ហៅ វុត្ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។
នៅចំពោះមុខអាវុធហត្ថ ជនសង្ស័យឈ្មោះ ហូយ សុភ័ក្រ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទ្រព្យសម្បត្តិមានតម្លៃ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាច្រើនលើកមកហើយតាំងពីឆ្នាំ២០១៩មកម៉េ្លះ ហើយក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន ៣លើកផងដែរ ដោយលើកទី១ ក្នុងឆ្នាំ២០១៩ ជាប់ពាក់ព័ន្ធករណីហិង្សា (កាប់ទៅលើជនរងគ្រោះជាសិស្សសាលាដូចគ្នា), លើកទី២ ក្នុងឆ្នាំ២០២០ ជាប់ពាក់ព័ន្ធករណីប្លន់, លើកទី៣ ក្នុងឆ្នាំ២០២១ ជាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ និងលើកទី៤នេះ ខ្លួនចេញធ្វើសកម្មភាព ឆក់កាបូបសារជាថ្មី បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ធ្លាក់ពីលើកង់បី តែក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ស្រាវជ្រាវចាប់ខ្លួនបានទៀត។
ចំពោះជនសង្ស័យទាំង ០២នាក់ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕



