ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មីចំនួន ២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ព្រមទាំងចាត់ទុកការមករួមជីវភាពនយោបាយជាមួយបក្សប្រជាជន គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។
គួរជម្រាបជូនថា គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសបញ្ចូលសមាជិកថ្មី ដែលជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។
ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។
ប្រភពពីគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភាកន្លងទៅ បានឲ្យដឹងថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកថ្មីទាំងអស់នោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា បានអំពាវនាវដល់សមាជិកបក្សនៅប្រទេសថៃ ត្រូវខិតខំការពារសន្តិភាព សាមគ្គីភាព ដើម្បីការរស់នៅរបស់កូនចៅជំនាន់ក្រោយឱ្យបានសុខក្សេមក្សាន្ត កុំឱ្យដូចប្រជាជនជំនាន់មុនរងទុក្ខលំបាកវេទនាដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ សន្តិភាព ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តស៊ូពលីស្វែងរកបានក្នុងដៃរួចហើយ នៅឡើយតែខិតខំថែរក្សាឱ្យគង់វង្សយូរអង្វែងតទៅទៀតប៉ុណ្ណោះ។
ឯកឧត្តម ធ្វើការរម្លឹកជូនសមាជិកថ្មីទៀតថា គណបក្សប្រជាជនកម្ពុជា មិនបោះបង់ពលរដ្ឋរបស់ខ្លួនណាម្នាក់នោះឡើយ មានតែការពារជួយគ្នាទៅវិញទៅមក ហើយខិតខំថែរក្សាសាមគ្គីភាព តួយ៉ាងដូចកាលពីអំឡុងមានការរាតត្បាតដោយជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំក្រុមការងារចុះជួយពលករខ្មែរដែលនៅប្រទេសថៃ និងពលករដែលធ្វើដំណើរចេញពីប្រទេសថៃចូលស្រុកកំណើតវិញ ដូចជាការសម្រួលការធ្វើដំណើរមកប្រទេសកំណើតវិញ ធ្វើចត្តាឡីស័កនៅតាមព្រំដែន ផ្គត់ផ្គង់រាល់តម្រូវការក្នុងពេលនោះ នៅពេលតេស្ដដឹងថាគ្មានកូវីដ គឺបានរៀបចំរថយន្តនាំពលករទៅដល់ផ្ទះតែម្ដង។
លោក ឱក រតនា ដែលជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ក៏បានបញ្ជាក់ពីភាពអសកម្មរបស់គណបក្សទាំងនោះ ដែលគិតពីកេងចំណេញនយោបាយ ប៉ុន្តែនៅពេលពលករមានទុក្ខលំបាកគឺមិនដែលចុះមកជួយ ឬយកចិត្តទុកដាក់ជាមួយពលករនោះឡើយ។ ទីបំផុត ពួកគាត់ក៏សម្រេចមកចូលរួមជាមួយគណបក្សប្រជាជនកម្ពជាវិញ ដោយហេតុថាក្រុមការងារដែលចាត់តាំងដោយគណបក្សប្រជាជនតែងចុះទៅជួយដោះស្រាយទុក្ខលំបាករបស់ពលករដល់ទីតាំងតែម្ដង នោះហើយជាហេតុផលដែលពលករបង្កើនការជឿជាក់លើគណបក្សប្រជាជន និងសម្រេចចូលជាសមាជិកតែម្ដង៕





