
ក្រុមមន្ត្រីរុស្ស៊ី និយាយថា នៅថ្ងៃអង្គារនេះ យានដ្រូន បានវាយប្រហារអគារជាច្រើននៅក្នុងទីក្រុងម៉ូស្គូ របស់ប្រទេសរុស្ស៊ី បណ្តាលឲ្យខូចខាតតិចតួច និងបង្ខំឲ្យប្រជាពលរដ្ឋមួយចំនួន ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលរុស្ស៊ី បើកការវាយប្រហាររលកថ្មីនៃការទម្លាក់គ្រាប់បែកទៅលើរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សម្នាក់។
នៅពុំទាន់មានការប្រកាសទទួលស្គាល់ភ្លាមៗនោះទេសម្រាប់ការវាយប្រហារទៅលើទីក្រុងម៉ូស្គូ ដែលអ្នកធ្វើអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ម្នាក់របស់វិមានក្រឹមឡាំង និយាយថា ការវាយប្រហារនេះ បានជាប់ពាក់ព័ន្ធនឹងយានដ្រូន ប្រហែល ២៥គ្រឿង ។
ឧបទ្ទេវហេតុមួយនេះ បានកើតមានឡើងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយយានដ្រូន ២គ្រឿង បានផ្ទុះនៅពីលើវិមានក្រឹមឡាំង គឺជាការវាយប្រហារមួយដែលរុស្ស៊ី បានដាក់ការស្តីបន្ទោសលើអ៊ុយក្រែន បើទោះបីជាទីក្រុងគីវ ច្រានចោលការទទួលខុសត្រូវក៏ដោយ និងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុងនានារបស់អ៊ុយក្រែននៅក្នុងខែនេះ ។
លោក Andrei Vorobyov គឺជាអភិបាលតំបន់ម៉ូស្គូ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា យានដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់ពេលពួកវាហោះមកជិតទីក្រុងម៉ូស្គូ ខណៈដែលអភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin និយាយថា មនុស្ស ២នាក់ ទទួលបានការព្យាបាល ប៉ុន្តែគ្មាននរណាម្នាក់ រងរបួសធ្ងន់ធ្ងននោះទេ។
លោក Sobyanin និយាយថា នៅព្រឹកនេះ ក្រោយពីការវាយប្រហារដោយយានដ្រូន ការខូចខាតតិចតួចបានកើតមានលើអគារជាច្រើនខ្នង
រូបភាពវីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញយានដ្រូនត្រូវបានបាញ់ទម្លាក់ ហើយផ្សែងខ្មៅហុយពីលើមេឃនៅក្នុងទីក្រុងម៉ូស្គូ ។ អាកាសយានដ្ឋានៅទីក្រុងម៉ូស្គូ នៅបើកដំណើរការធម្មតាទេ ។ ក្រសួងការពារជាតិរុស្ស៊ី និយាយថា យានដ្រូនទាំងនេះ ត្រូវបានបញ្ជូនមកដោយទីក្រុងគីវ ប៉ុន្តែពួកវាត្រូវបានបំផ្លាញចោលទាំងអស់៕

