
ក្រុមមន្ត្រីរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមការងារសង្គ្រោះ និងរុករក បានធ្វើការពេញមួយយប់ សង្គ្រោះបានជនរងគ្រោះទី ៨ពីអគារផ្ទះល្វែងដែលបានបាក់នៅទីក្រុង Davenport រដ្ឋ Iowa សហរដ្ឋអាមេរិក។
អភិបាលក្រុង Davenport និងប្រធានក្រុមពន្លត់អគ្គិភ័យ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេមានជំនឿថា ឧបទ្ទេវហេតុបាក់អគារនេះ នឹងបញ្ចប់ទៅដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ផ្នែកកណ្តាលនៃអគារកម្ពស់ ៦ជាន់មានអគារផ្ទះល្វែង និងអគារធុរកិច្ចចំនួន ៨៤បន្ទប់ បានបាក់ដោយគ្មានមូលហេតុកាលពីរសៀលថ្ងៃអាទិត្យ បង្ខំឲ្យមានប្រតិបត្តិការសង្គ្រោះភ្លាមៗ ដោយបានទាញមនុស្ស ៧នាក់ចេញពីជាន់ជាច្រើននៃអគារ ក្នុងនោះមនុស្សមួយចំនួន បានចុះតាមជណ្តើររថយន្តពន្លត់អគ្គិភ័យ។
ក្រុមមន្ត្រីអះអាងថា មនុស្សរាប់សិបនាក់ផ្សេងទៀត បានដើរចេញពីអគារដោយខ្លួនឯង។
អភិបាលក្រុងលោក Mike Matson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃចន្ទថា ដោយមានជំនួយពីសុនខជួយសង្គ្រោះ ៦ក្បាល ក្រុមឆ្លើយតបដំបូង បានទាញមនុស្សទី ៨ចេញពីអគារទាំងយប់ ហើយជនរងគ្រោះចុងក្រោយនេះ ទទួលបានការព្យាបាលនៅឯមន្ទីរពេទ្យ៕
