
នាវាដែលប្រតិបត្តិការដោយក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF)សង្គ្រោះបានជនអន្តោ្តប្រវេសន៍ជិត ៦០០នាក់ដែលធ្វើដំណើរតាមទូកផ្ទុកលើសចំណុះ នៅជិតកោះ Sicily ប្រទេសអ៊ីតាលី ។
ក្រុមបុគ្គលិក MSF មកពីនាវាជួយសង្គ្រោះ និងរុករក Geo Barents បានមកជួយសង្គ្រោះជនអន្តោប្រវេសន៍ ក្រោយទទួលបានការហៅសុំជំនួយសង្គ្រោះបន្ទាន់ ។
MSFនិយាយថា ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបានបញ្ជូនទៅកាន់កំពង់ផែភាគខាងត្បូង Bari ដើម្បីទទួលបានការចាត់ចែងបន្ត ដោយក្រុមអាជ្ញាធរអ៊ីតាលី ហើយពួកគេបានចំណាយពេលប្រហែល ៤០ម៉ោង ទើបធ្វើដំណើរដល់កំពង់ផែមួយនេះ។
គួរឲ្យដឹងថា ក្រុមសប្បុរសធម៌ និងអង្គការក្រៅរដ្ឋាភិបាល(NGO) បានរិះគន់រដ្ឋបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ដែលប្រកាន់ភ្ជាប់គោលជំហរម៉ឺងម៉ាត់ប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
ទិន្នន័យពីក្រសួងមហាផ្ទៃអ៊ីតាលី បង្ហាញថា ការធ្វើដំណើរមកដល់របស់ជនអន្តោប្រវេសន៍ជាង ៤៧.០០០នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេសអ៊ីតាលី មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ពោលគឺកើនឡើងពីចំនួន ១៨.០០០នាក់ អំឡុងពេលតែមួយកាលពីឆ្នាំ២០២២៕