
បក្សីងាប់រាប់រយក្បាល បានរសាត់អណ្តែតមកទើរដោយអាថ៌កំបាំងនៅតំបន់ឆ្នេរប្រទេសឈីលី កាលពីថ្ងៃអាទិត្យ ជាហេតុធ្វើឲ្យមានក្តីបារម្ភចំពោះបរិស្ថាននៅក្នុងចំណោមអ្នកស្រុក និងក្រុមអាជ្ញាធរ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើមូលហេតុអ្វីបណ្តាលឲ្យបក្សីងាប់ប្រហែល ២០០ក្បាលបែបនេះ ធ្វើឲ្យពួកវារសាត់អណ្តែតមកទើរតាមតំបន់ឆ្នេរ Changa ស្ថិតនៅខេត្តភាគខាងជើង Coquimbo ប្រទេសឈីលី។
ក្រុមអាជ្ញាធរ បានបញ្ជូនសំណាកបក្សីទៅកាន់មន្ទីរពិសោធន៍នៅទីក្រុង Santiago ដើម្បីកំណត់ថាតើពួកវាងាប់ ដោយសារការឆ្លងជំងឺគ្រុនផ្តាសាយបក្សីទ្រង់ទ្រាយធំឬយ៉ាងណា។ ក្រុមអាជ្ញាធរ បានព្រមានដល់ក្រុមស្រុកថាពុំត្រូវប្រមូលយកបក្សីងាប់ទាំងអស់នេះនោះឡើយ ដើម្បីបញ្ចៀសផុតពីលទ្ធភាពនៃឆ្លងជំងឺផ្តាសាយបក្សី ៕