
ហុងកុង៖ តុលាការហុងកុងកាលពីថ្ងៃចន្ទ (២៩ មេសា) បានច្រានចោលសំណើសុំបញ្ចប់ការកាត់ក្តីសន្តិសុខជាតិដ៏សំខាន់មួយប្រឆាំងនឹងមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក ជីមមី ឡៃ ដែលជាករណីមួយអាចឱ្យលោកជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានផ្តន្ទាទោស។
លោក ជីមមី ឡៃ វ័យ ៧៥ ឆ្នាំ គឺជាស្ថាបនិកនៃសារព័ត៌មាន Apple Daily ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយជាអ្នករិះគន់ក្រុងហុងកុងដ៏លេចធ្លោបំផុតចំពោះការដឹកនាំរបស់បក្សកុម្មុយនិស្តចិន រួមទាំងប្រធានាធិបតីលោក ស៊ី ជីនពីង ផងដែរ។
លោក ឡៃ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការបោះពុម្ពផ្សាយដែលមានទំនាក់ទំនងជាមួយសារព័ត៌មាន Apple Daily ដែលបានបិទមិនឲ្យចេញផ្សាយកាលខែមិថុនា ឆ្នាំ ២០២១ បន្ទាប់ពីនគរបាលបានចាប់ខ្លួនបុគ្គលិករបស់លោក ហើយទ្រព្យសម្បត្តិរបស់លោក ឡៃ ត្រូវបានបង្កកដោយក្រុមអាជ្ញាធរ។ ការចោទប្រកាន់របស់អាជ្ញាធរទៅលើលោក ឡៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារយៈពេលពីរឆ្នាំ។
មេធាវីរបស់លោក ឡៃ គឺលោក រ៉ូប៊ឺត ប៉ាង បានដាក់ពាក្យសុំបញ្ចប់ដំណើរការនីតិវិធីដោយលើកហេតុផលថាមានការលំអៀងជាក់ស្តែងប្រឆាំងនឹងលោក ឡៃ ពីតុលាការដោយសារតែមិនមានតម្លាភាពក្នុងការតែងតាំងចៅក្រមសន្តិសុខជាតិដោយប្រមុខដឹកនាំហុងកុង លោក ចន លី។
តុលាការជាន់ខ្ពស់កាលពីថ្ងៃសុក្រសប្តាហ៍មុន បានច្រានចោលសំណើរបស់លោក ឡៃ ក្នុងការជំទាស់នឹងការសម្រេចចិត្តរបស់មន្ត្រីសន្តិសុខដើម្បីរារាំងមេធាវីការពារក្ដីជនជាតិអង់គ្លេសរបស់លោក ឡៃ គឺលោក ទីម៉ូធី អូវិន មិនឲ្យធ្វើតំណាងនៅក្នុងការកាត់ក្តីរបស់លោក ឡៃ ឡើយ៕