
កងកម្លាំងឆ្មាំល្បាតឆ្នេររបស់សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន នឹងធ្វើសមយុទ្ធដែនសមុទ្រត្រីភាគីនៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធលើកដំបូងរវាងប្រទេសទាំងបី ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចំណាត់ការរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។
អ្នកនាំពាក្យកងកម្លាំងឆ្មាំល្បាតសមុទ្រហ្វីលីពីន លោក Armand Balilo បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា នៅក្នុងដែនទឹកនៃខេត្ត Bataan ប្រទេសហ្វីលីពីន គឺជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងជប៉ុន ខណៈដែលអូស្ត្រាលីនឹងចូលរួមជាអ្នកសង្កេតការណ៍។
លោក Balilo បាននិយាយថា នាវាហ្វីលីពីនចំនួនបួនគ្រឿង ព្រមទាំងសហរដ្ឋអាមេរិកនិងជប៉ុនមួយគ្រឿង នឹងចូលរួមនៅក្នុងសមយុទ្ធដែលត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងអនុវត្តច្បាប់។
ហ្វីលីពីន ត្រូវបានជប៉ុន និងសហរដ្ឋអាមេរិក ស្នើឱ្យធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាកាលពីខែកុម្ភៈ នៅពេលដែលទីក្រុងម៉ានីលបានចោទប្រកាន់ប្រទេសចិនពីសកម្មភាពឈ្លានពាននៅក្នុងសមុទ្រចិនខាងត្បូង ដែលភាគច្រើនបំផុតនៃដែនទឹកនេះ ត្រូវបានទីក្រុងប៉េកាំងអះអាងសិទ្ធិថាជារបស់ខ្លួន៕