ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សា ដើម្បីបង្រួមតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញឲ្យកាន់តែតូចបន្ថែមទៀត ខណៈដែលអត្រាអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃ នៅភ្នំពេញបានថយចុះ។
ក្នុងពេលចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមស្ថិតក្នុងសង្កាត់បឹងសាឡាង នៃខណ្ឌទួលគោក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅពេលនេះ ក្រុមអ្នកបច្ចេកទេសដែលពាក់ព័ន្ធ កំពុងធ្វើការពិចារណា ដើម្បីបង្រួមការគ្រប់គ្រង និងបិទខ្ទប់តំបន់ក្រហមពីសង្កាត់ មកត្រឹមភូមិ និងពីកម្រិតភូមិ មកតាមខ្នងផ្ទះប្រជាពលរដ្ឋ។
ឯកឧត្តម បានបញ្ជាក់ថា ការពិចារណាបង្រួមនេះ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានវាយតម្លៃអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញបានថយចុះពីចន្លោះ៥០០នាក់ មកត្រឹម២០០នាក់ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១៕
អត្ថបទ ៖ ជា ធីរិទ្ធ