
ជនជាតិភាគតិចមូស្លីមរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាឡោមព័ទ្ធវិហារឥស្លាមមួយនៅភាគនិរតីនៃប្រទេសចិនកាលពីចុងសប្តាហ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីទប់ស្កាត់អ្វីដែលពួកគេបាននិយាយថាជាការប៉ុនប៉ងរុះរើដំបូល និងវិហាររបស់ខ្លួនពីសំណាក់ក្រុមអាជ្ញាធរ ខណៈដែលការបង្ក្រាបលើសេរីភាពសាសនាកាន់តែទូលំទូលាយ។
ការផ្លាស់ប្តូរជាក់ស្តែងនៃវិហារអ៊ីស្លាមដែលជាកម្មសិទ្ធិរបស់ក្រុមជនជាតិភាគតិចហ៊ួយ នៅក្នុងភូមិ Najiaying ខេត្ត Yunnan បានកើតឡើងស្របពេលមានយុទ្ធនាការដ៏ខ្លាំងក្លាមួយដែលបានផ្សព្វផ្សាយដោយមេដឹកនាំចិនលោក ស៊ី ជីនពីង ដើម្បី "ធ្វើឲ្យសាសនាមានលក្ខណៈប្រពៃណីចិន”។
គោលនយោបាយនេះមានគោលបំណងលុបបំបាត់ឥទ្ធិពលជំនឿសាសនាបរទេស ហើយកែប្រែវាឱ្យកាន់តែជិតស្និទ្ធជាមួយនឹងវប្បធម៌ប្រពៃណីចិន និងការគ្រប់គ្រងដ៏តឹងរ៉ឹងបំផុតនៃបក្សកុម្មុយនិស្តដែលមិនមានសាសនាជាផ្លូវការ។
ក្រុមសកម្មជនជនជាតិភាគតិចហ៊ួយ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអាជ្ញាធរបានរុះរើស្ថាបត្យកម្មឥស្លាមយ៉ាងច្រើន បំផ្លាញអគារ និងរុះរើវិហារឥស្លាមរបស់ជនជាតិភាគតិចហ៊ួយជាងមួយពាន់កន្លែងនៅទូទាំងប្រទេស៕
