
ក្រុមបាតុករបានប៉ះទង្គិចជាមួយនឹងនគរបាលជាច្រើននាក់ ជុំវិញផែនការរុះរើអគារនៃវិហារឥស្លាមមួយ នៅទីក្រុងយូណាន (Yunnan) ប្រទេសចិន ដោយរូបភាពវីដេអូពីបណ្ដាញសង្គម បានបង្ហាញឲ្យឃើញក្រុមមនុស្ស នៅខាងក្រៅវិហារ Najiaying ដែលកសាងឡើងតាំងពីសតវត្សរ៍ទី១៣ ក្នុងទីក្រុង Nagu កាលពីថ្ងៃសៅរ៍។
ការប្រតាយប្រតប់គ្នា បានកើតឡើង រវាងក្រុមនគរបាល និងអ្នកស្រុក ក្រោមការហ៊ុំព័ទ្ធដោយមន្ត្រីប្រដាប់អាវុធរាប់រយនាក់។ យូណាន (Yunnan) ជាខេត្តដែលសម្បូរទៅដោយជនជាតិភាគតិចចម្រុះ នៅភាគខាងត្បូងប្រទេសចិននោះ មានប្រជាជនមូស្លីមយ៉ាងច្រើន។
វីដេអូនៃការតវ៉ា កាលពីថ្ងៃសៅរ៍ ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន BBC បានបង្ហាញការឈរជាជួររារាំងការចូលទៅក្នុងវិហារ ហើយក្រុមមនុស្សព្យាយាមប្រើកម្លាំងរកផ្លូវចូល ដោយខ្លះបានគប់ដុំថ្មដាក់នគរបាល ខណៈឃ្លីបវីដេអូផ្សេងទៀតបង្ហាញថា ក្រោយមក នគរបាលបានដកខ្លួនចេញ ហើយក្រុមមនុស្សនាំគ្នាចូលវិហារ Najiaying។
នគរបាល នៅស្រុក Tonghai ដែលជាទីតាំងនៃក្រុង Nagu បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឲ្យក្រុមបាតុករប្រគល់ខ្លួនឲ្យនគរបាល ត្រឹមថ្ងៃទី៦ ខែមិថុនា ហើយរហូតមកដល់ពេលនេះ មនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន។
ប្រទេសចិនជាអ្នកមិនគោរពលើសាសនាផ្លូវការនោះទេ តែរដ្ឋាភិបាលនិយាយថា ខ្លួនអនុញ្ញាតឲ្យមានសេរីភាពខាងសាសនា។ ប៉ុន្តែអ្នកសង្កេតការណ៍និយាយថា មានការបង្ក្រាបកាន់តែខ្លាំងឡើងលើអ្នកបង្កើតសាសនា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងប៉េកាំងស្វះស្វែងរកការគ្រប់គ្រងកាន់តែតឹងរ៉ឹងឡើងៗ។
នៅទីក្រុង Nagu វិហារ Najiaying គឺជានិមិត្តរូប ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានពង្រីកដោយមានដំបូលថ្មីរាងជាដោនរបស់វិហារមួយចំនួនផងដែរ។ទោះជាយ៉ាងណាក៏ដោយ សាលក្រមរបស់តុលាការឆ្នាំ២០២០ បានសម្រេចថា ការធ្វើនោះ គឺខុសច្បាប់ ដោយបញ្ជាឲ្យរើចេញ។ សកម្មភាពថ្មីៗ ក្នុងការអនុវត្តបញ្ជានោះ ទំនងជាបានជំរុញឲ្យមានបាតុកម្ម៕