ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

គួររម្លឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាបនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។
ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះមានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសង ខាង, កម្ពស់សសរស្ពាន សម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ សសរសម្រាប់ព្យួរ ខ្សែកាបមានចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣,៧៥ម៉ែត្រ, គន្លងធ្វើចរាចរណ៍ ២ ខ្សែទៅ និង ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០,៥ ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ មានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេល ២៨ ខែ។ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះបានបង្កើតលំហូរចរាចរណ៍ថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខ ណ្ឌជ្រោយចង្វា។
ដោយឡែកសម្រាប់ ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ នាយករដ្ឋមន្ត្រី។
ស្ពាននេះមានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រ កំពស់ ៥ម៉ែត្រ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេ សាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ ខែ៕













