
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាគឺជាគូរប្រកួតមួយ ដែលមិនមានការជាប់ពាក់ព័ន្ធ នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលហាមមិនឲ្យ គណបក្សភ្លើងទៀតចូលរួមបោះឆ្នោតសកលអាណត្តិទី៧ ឆ្នាំ២០២៣នោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានជននៅក្រៅស្រុកម្នាក់បានបំផុសបំផុលឲ្យមានយុទ្ធនាការប្រឆាំងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថែមទាំងចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយខ្នង គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញដែលបានបដិសេធមិនឲ្យគណបក្សភ្លើងទៀតចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប និងបញ្ជាក់យ៉ាងច្បាស់ថា សូមកុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាណាមួយទៅលើការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ខណៈ សារជាសំឡេងរបស់សម្ដេច នាពេលកន្លងមក ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតែមានតម្លៃសម្រាប់ប្រើប្រាស់ប្រសិនអ្នកណាហ៊ានធ្វើគុក នឹងហ៊ានទទួលអ្នកនោះជានិច្ច។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា អ្នកណាក៏ដោយឲ្យតែហ៊ានធ្វើចលនា ដែលនាំឲ្យអសន្តិសុខ និងមានចេតនាចង់បំផ្លាញនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះនឹងមិនលើកលែងឲ្យនោះទេ សម្តេច បានសង្កត់ធ្ងន់ថា សារសម្តេចកាលពីកន្លងទៅនៅតែមានតម្លៃ ហើយសម្តេចមិនចេញសារជាលើកទីពីរទៀតនោះទេ អ្នកណាក៏ដោយឲ្យតែហ៊ានធ្វើពេលណា នឹងចាប់ពេលនោះតែម្តង៕អត្ថបទ៖ បាន ចក់