លោក ម៉ក់ រ៉េមីស្សា អ្នកថតរូបសិល្បៈដ៏ឆ្នើមរបស់កម្ពុជា ទទួលបានមេដាយកិត្តិយសលើស្នាដៃថតរូប professional photographer គ្រឿងអស្សរិយយសថ្នាក់អស្សឬទ្ធិផ្នែកសិល្បៈ និងអក្សរសាស្រ្ត ពីក្រសួងវប្បធម៌បារាំង ដែលផ្ដល់ជូនតាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីបំពាក់មេដាយកិត្តិយសនេះបានធ្វើឡើង នារាត្រី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៣ នៅស្ថានទូតបារាំងប្រចាំកម្ពុជា។
ការផ្ដល់ជូននេះគឺជាជាកិត្តិយសសម្រាប់លោក ម៉ក់ រ៉េមីស្សា និងក្រុមគ្រួសារលោកផ្ទាល់ ព្រមទាំងសម្រាប់កម្ពុជា ដែលមានធនធានមនុស្សដ៏កម្រ និងពូកែបែបនេះ។
សូមជម្រាបថា លោក ម៉ក់ រ៉េមីស្សា គឺជាជនជាតិខ្មែរ ដែលមានតួនាទីជាអ្នកថតរូបសារព័ត៌មាន ធ្លាប់បម្រើការងារនៅទីភ្នាក់ងារ EPA ប្រចាំនៅកម្ពុជា។ ក្រោយមក លោកបានវិវត្តខ្លួនទៅជាអ្នកថតរូបសិល្បៈ ដែលមានស្នាដៃជាច្រើនត្រូវបានផលិត ក្នុងនោះមានដូចជា ស្នាដៃ «ទឹកឡើងត្រី ស៊ីស្រមោច» ឬ «Fish and Ants» , «Water is life» , «From hunting to shooting» និងស្នាដៃ « Left 3 Days ឬ ក្រោយការចាកចេញ ៣ ថ្ងៃ» តាមរយៈស្នាដៃថតរូបបែបសិល្បៈដ៏ឆ្នើមនេះ បានធ្វើឱ្យលោកមានកេរ្តិ៍ឈ្មោះបោះសំឡេងកាន់តែខ្លាំងទាំងក្នុងវិស័យថតរូបនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ផ្ទាំងទស្សនីយភាពស្នាដៃសិល្បៈរបស់មួយចំនួនក៏ត្រូវបានដាក់តាំងបង្ហាញក្នុងសារមន្ទីរអន្តរជាតិមួយចំនួនដូចជាសារមន្ទីរប្រទេសបារាំងជាដើម។ មិនតែប៉ុណ្ណោះ លោកក៏ទទួលបានពានរង្វាន់ជាច្រើនតាមរយៈស្នាដៃសិល្បៈរបស់លោកផងដែរ៕
