ក្រុមសហគ្រិនបច្ចេកវិទ្យាចិនដែលមានមហិច្ឆតាចង់ពង្រីកខ្លួនទៅសហរដ្ឋអាមេរិក កាន់តែពិបាកឡើងៗ។ មុនឆ្នាំ២០១៩ មានឧបសគ្គធំៗមួយចំនួនរួចហើយ ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនចិនទៅធ្វើអាជីវកម្ម នៅសហរដ្ឋអាមេរិកដោយចាកចេញពីប្រទេសចិន។ ប៉ុន្តែចំពេលមានការកើនឡើងនូវភាពតានតឹងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei ក្រុមហ៊ុនចិនមួយចំនួន បានចាប់ផ្តើមបង្កើតទីស្នាក់ការកណ្តាលនៅក្រៅប្រទេស ជាវិធានការដែលអាចជួយឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនសូវចាប់អារម្មណ៍លើពួកគេ។

ឥឡូវនេះ ម្ចាស់អាជីវកម្មបច្ចេកវិទ្យាចិនដីគោកមួយចំនួន និយាយថា ពួកគេត្រូវការបន្តដំណើរការបន្ថែមទៀត និងទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិនៅបរទេស ដើម្បីបញ្ចៀសការទប់ស្កាត់ និងលម្អៀង ប្រឆាំងនឹងក្រុមហ៊ុនចិន នៅសហរដ្ឋអាមេរិក។
លោក Ryan ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលបានបដិសេធមិនប្រាប់នាមត្រកូលរបស់លោក ដោយសារតែការភ័យខ្លាចនៃការសងសឹកនៅចិន និយាយថា ក្រុមហ៊ុនសូហ្វវែរទើបបង្កើតបានរយៈពេល ៣ឆ្នាំរបស់លោក បានឈានដល់ចំណុចប្រក្រតី ដែលអាចពង្រីកខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ដោយក្រុមហ៊ុនរបស់លោកមានអ្នកប្រើប្រាស់មួយលាននាក់រួចហើយ នៅអាស៊ីបូព៌ា និងមានមូលដ្ឋានដ៏រឹងមាំ នៅអាមេរិកខាងជើង។
ប៉ុន្តែលោកមានការខកចិត្តចំពោះជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន រួមនឹងការរឹតបន្តឹងលើការកើនឡើងនៃចំនួនក្រុមហ៊ុនចិន ដែលត្រូវបានដាក់ ឬកំពុងត្រូវបានស្នើឡើងដោយសមាជិកសភាសហរដ្ឋអាមេរិក។
ចំណុចក្ដៅសំខាន់ៗ ដោយក្នុងនោះរួមមានការទប់ស្កាត់ការនាំចេញរបស់ សហរដ្ឋអាមេរិក លើបន្ទះឈីប និងកង្វល់ពីសុវត្ថិភាពទិន្នន័យ ដែលបានឃើញថា បណ្ដាញសង្គម TikTok គ្រប់គ្រងដោយក្រុមហ៊ុន ByteDance ត្រូវបានហាមប្រាមលើឧបករណ៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋម៉ុនតាណា (Montana)។

សម្រាប់ប្រទេសចិនវិញ ថ្មីៗនេះ បានហាមឃាត់ឧស្សាហកម្មសំខាន់ៗ ក្នុងការប្រើប្រាស់ផលិតផល Micron Technology (NASDAQ:MU) និងបានស្វះស្វែងទប់ស្កាត់ផ្នែកប្រឹក្សាយោបល់បរទេស និងក្រុមហ៊ុនត្រួតពិនិត្យចំណូលចំណាយ។
សហគ្រិន និងអ្នកប្រឹក្សានានា បាននិយាយថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានន័យថា បរិយាកាសនឹងមិនអំណោយផល សម្រាប់ក្រុមហ៊ុនចិនដីគោកដែលចង់ធ្វើប្រតិបត្តិការ ឬទទួលបានមូលនិធិនៅសហរដ្ឋអាមេរិកនោះឡើយ៕