
ភ្នំពេញ៖ តាមរយៈអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បញ្ជាក់ថា ក្នុងឱកាសបិទ-បើក ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើទី១២ នាថ្ងៃទី៣ ខែមិថុនានេះ នឹងមានបាញ់កាំជ្រួចច្រើនជាងស៊ីហ្គេមទៅទៀត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយសម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលជាជនពិការទាំងក្នុងប្រទេស និងក្របខ័ណ្ឌអាស៊ានដែលបានមកចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានាពេលនេះ។
ចំពោះការបើក-បិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះសម្ដេចតេជោបានណែនាំដល់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំព្រឹត្តិការណ៍នេះត្រូវរៀបចំទស្សនីយភាពពិធីបើក-បិទព្រឹត្តិការណ៍នេះឱ្យបានល្អ និងបាញ់កាំជ្រួចឱ្យបានច្រើន ដើម្បីលើកទឹកចិត្តដល់អត្តពលិកមានពិការភាព និងជនមានពិការភាពនៅទូទាំងពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនគ្នាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡានេះ។ គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣នេះ សល់តែ ៣ ថ្ងៃទៀតតែប៉ុណ្ណោះនឹងដល់ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡាជនពិការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាបន្តទៀត៕អត្ថបទ៖ វ៉ន ដារ៉ា